សន្ដិសុខសង្គម

ចាប់ជនជាតិឡាវ២នាក់ជាមួយគ្រឿងញៀនទម្ងន់ជាង១២គីឡូក្រាម

ស្ទឹងត្រែង៖កម្លាំងចម្រុះបានចាប់ជនជាតិឡាវ២នាក់ ជាមួយវត្ថុតាងគ្រឿងញៀនចំនួន១៣ កញ្ចប់ធំទម្ងន់សរុប១២គីឡូ៧៤៥ក្រាម។

ករណីចាប់ក្រុមឧក្រិដ្ឋគ្រឿងញៀននេះនៅម្តុំស្ពានទី២ ភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី២៧ ខែមីនា។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ជនសង្ស័យជនជាតិឡាវ២នាក់ បានបើករថយន្តផ្លាកលេខឡាវ​ឆ្លងកាត់ច្រករបៀងចូលមកទឹកដីខេត្តស្ទឹងត្រែងកម្ពុជា។ បន្ទាប់ពីឃើញរថយន្តឡាវនោះភ្លាម កម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានឃាត់សាកសួរនិងត្រួតពិនិត្យ​លិខិតឆ្លងដែន។

ពេលពិនិត្យក្នុងរថយន្ត ឃើញមានធុងពណ៌បៃតងដាក់កាកស្ករមួយកំណាត់លើនិងបិទសន្ទះ ២ដើម្បីបំភាន់ភ្នែក។ដោយសង្ស័យជាបទល្មើសគ្រឿងញៀនក៏សម្រេចកាត់ធុងជ័រចេញស្រាប់តែ​ឃើញកញ្ចប់គ្រឿងញៀនបង្កប់ជាមួយដីខ្សាច់។

ពេលឃើញគ្រឿងញៀនក្រុមសមត្ថកិច្ចបានចាប់ឡាវទាំង២នាក់នោះ​ និងដករហូតរថយន្ត១គ្រឿង​ជាមួយគ្រឿងញៀន១៣កញ្ចប់ធំទម្ងន់ប្រមាណ១៣គីឡូក្រាម។ជនសង្ស័យឈ្មោះកែវ គង់មឿង អាយុ២៣ឆ្នាំ នៅភូមិចមកែវ ស្រុកកៃសន ខេត្តសុវណ្ណ។ឈ្មោះណុកសុវណ្ណសាម​ អាយុ២០ឆ្នាំ នៅភូមិណាសៃ រាជធានីវៀងចន្ទន៍ ប្រទេសឡាវ។

បន្ទាប់មកផ្នែកជំនាញបានបញ្ជូនជនល្មើសជាមួយវត្ថុតាងគ្រឿងញៀនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធី៕ដោយ៖សុខុម