សន្ដិសុខសង្គម

ឃុំខ្លួនមន្ត្រីនគរបាលម្នាក់និងបក្ខពួក ជាប់ចោទពីបទជួញគ្រឿងញៀន

ស្ទឹងត្រែង៖តុលាការខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៥ ខែមីនា បានឃុំខ្លួនមន្ត្រីនគរបាលខេត្ត ស្ទឹងត្រែងម្នាក់ និងបក្ខពួក ពីបទជួញដូរគ្រឿងញៀន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២១និង២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ជាមួយនគរបាលខេត្ត បានឃាត់ខ្លួនបុរស២នាក់ករណីជួញដូរគ្រឿងញៀន។ជនសង្ស័យឈ្មោះហាន វិច្ឆិកា ហៅ ម៉ូវ អាយុ ៣៦ឆ្នាំ ជានាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង នៅភូមិព្រែក ក្រុងស្ទឹងត្រែង ។ឈ្មោះខឿន រ៉ាមីត ហៅ កូមីត អាយុ ៣៤ឆ្នាំ នៅភូមិ សង្កាត់ជាមួយគ្នា។ពេលចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។

ក្រោយពីឃាត់ខ្លួន ផ្នែកជំនាញបានបន្តនីតិវិធីបញ្ជូនសំណុំរឿងទៅតុលាការ។មកដល់ថ្ងៃទី២៥ខែមីនា ចៅក្រមស៊ើបសួរតុលាការខេត្តស្ទឹងត្រែងបានបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ២នាក់ ក្នុងសំណុំរឿងលេខ០៤៣ ចុះថ្ងៃទី២៥ ខែមីនា ចោទប្រកាន់“ជួញដូរនិងប្រើប្រាស់នូវ សារធាតុញៀនខុសច្បាប់” ៕ដោយ:សុខុម