អន្តរជាតិ

អឺរ៉ុបខាងជើងស៊ុយអែត ន័រវេស ហ្វាំងឡង់ និងដាណឺម៉ាករួមគ្នាបង្កើតប្រព័ន្ធដែនអាកាសទប់រុស្ស៊ី

ប្រទេសអឺរ៉ុបខាងជើង ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងដាណឺម៉ាក ប្រកាសរួមគ្នាបង្កើតប្រព័ន្ធ​ការពារដែនអាកាសទប់ទល់ជាមួយរុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងបួននេះ គម្រោងប្រតិបត្តិការរួមគ្នាពិតជាត្រូវបានចុះហត្ថលេខាយល់ព្រម ដោយផ្អែកលើវិធីដែលគេ​ស្គាល់រួចមកហើយក្នុងក្របខ័ណ្ឌនៃអង្គការណាតូ។ មេបញ្ជាការកងទ័ពអាកាសដាណឺម៉ាក ឧត្តមសេនីយ៍ Jan Dam បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ការផ្លាស់ប្តូរដើម្បីធ្វើសមាហរណកម្មកងទ័ព​អាកាសត្រូវបានធ្វើឡើងក្រោមមូលហេតុចម្បង ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ Dam បានបន្តថា “កងនាវារួមរបស់យើងអាចប្រៀបធៀបទៅនឹងប្រទេសអឺរ៉ុបដ៏ធំមួយ”។

ការបង្កើតដែនអាកាសការពាររួមគ្នា នឹងធ្វើឲ្យសមាជិកមានកម្លាំងខ្លាំងទប់ទល់ជាមួយ រុស្ស៊ី ប្រទេសន័រវេសមានយន្តហោះចម្បាំង F-16 ចំនួន ៥៧ គ្រឿង និងយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៣៧គ្រឿង។ ប្រទេសហ្វាំងឡង់មានយន្តហោះចម្បាំង F/A-18 Hornet ចំនួន ៦២ គ្រឿង និង F-35 ចំនួន ៦៤ គ្រឿងក្នុងការបញ្ជាទិញ ខណៈដែលប្រទេសដាណឺម៉ាក មានយន្តហោះ F-16 ចំនួន ៥៨ គ្រឿង និង F-35បំបាំងកាយដូចគ្នា ចំនួន ២៧ គ្រឿង។ ហើយស៊ុយអែតវិញមានយន្តហោះ Gripens ពហុមុខងារហោះបានរាប់ពាន់គីឡូម៉ែត្រក្នុងមួយម៉ោងច្រើនជាង ៩០គ្រឿងទៀតផង៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា