អន្តរជាតិ

សេវាសង្រ្គោះអ៊ុយក្រែន៖ រុស្ស៊ីបាញ់មីស៊ីលសម្លាប់ស្រ្តី៣នាក់នៅខេត្តដូណេតភាគខាងកើត

សេវាសង្រ្គោះអ៊ុយក្រែនបាននិយាយថា ស្រ្តីយ៉ាងហោចណាស់៣នាក់បានស្លាប់ក្នុងចំណោម​អ្នកស្លាប់ច្រើននាក់ទូទាំងប្រទេស បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍នេះ។

សេវាសង្គ្រោះបន្ទាន់បាននិយាយថា អ្នកស្លាប់ទាំងអស់មាន៥នាក់ ស្រ្តីមានបីនាក់នៅក្នុងតំបន់បាក់មុតពិតប្រាកដមែន និងបុរសពីរនាក់ផ្សេងទៀតក៏បានរងរបួស។ អ្នកជួយសង្គ្រោះបានយកសាកសពស្ត្រីបីនាក់ដែលស្លាប់ចេញពីគំនរបាក់បែកហើយ បន្ទាប់ពីមានការវាយប្រហារពេញមួយយប់នៅក្នុងទីក្រុង Kostiantynivka ក្នុងតំបន់ខេត្ត Donetsk ភាគខាងកើត ដែលជាជម្រកមួយក្នុងចំណោមជម្រកជាច្រើនដែលត្រូវបាន​បង្កើតឡើងដើម្បីផ្តល់លទ្ធភាពប្រើប្រាស់អគ្គិសនី កម្ដៅ ទឹក និងសេវាកម្មសំខាន់ៗផ្សេងទៀតដល់​ប្រជាជនដែលកំពុងជាប់គាំង។រដ្ឋបាលនៃតំបន់ភាគឦសានក៏បានរាយការណ៍មកដែរថា ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ និងប្រាំបួននាក់បានរងរបួសនៅក្នុងទីក្រុង Bilopillia ក្នុងខេត្ត Sumyជិតគ្នានោះ ដោយគ្រាប់រ៉ុក្កែតនៅពេលយប់ និងការវាយប្រហារដោយកាំភ្លើងធំតាមអាកាស។ ជុំវិញព័ត៌មាននេះ រុស្ស៊ីដូចសព្វដងមិនបានចេញទទួលខុសត្រូវឡើយ។

ខេត្តដូណេតគឺជាសមរភូមិក្តៅ ខណៈអាជ្ញាធរអ៊ុយក្រែនបានរាយការណ៍ថានៅតែមានមនុស្ស​ជាច្រើនពាន់នាក់ជាប់គាំងមិនទាន់បានជម្លៀសចេញអស់។ តាមសេចក្តីរាយការណ៍ពី​កាសែតជាតិ​អ៊ុយក្រែនប្រាវដា ការប្រយុទ្ធគ្នា ការវាយប្រហារតាមអាកាសតែងកើតមានឡើងសឹងមិនលស់ម៉ោង​នៅក្នុងតំបន់ខេត្តមួយនេះ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា