សន្ដិសុខសង្គម

រថយន្តបើកបុកកង់ពីក្រោយបណ្តាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖រថយន្តសម្រាប់ដឹកទំនិញធុនតូច បានបើកបុកកង់ពីក្រោយបណ្តាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ ខណៈនាងកំពុងជិះកង់ទៅបម្រើការនៅហាងគុយទាវមួយ។ហេតុការណ៍នេះបានកើតឡើង​នៅតាមផ្លូវជាតិលេខ២ សង្កាត់រលួស ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី២៤ ខែមីនា។ មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះស្រី ម៉ៅ អាយុ១៧ឆ្នាំ ធ្វើការក្នុងហាងគុយទាវ ស្នាក់នៅបន្ទប់ជួលជិតទីនោះ។

ដំបូងក្មេងស្រីបានជិះកង់តាមផ្លូវជាតិលេខ២ពីជើងទៅត្បូង។មកដល់កន្លែងខាងលើមានរថយន្តហ៊ីយ៉ាន់ដាយ ផ្លាកលេខកណ្តាល 2B-3352 បើកមកពីក្រោយក៏បុកកង់ពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលរងរបួស។ក្រោយមកអ្នកភូមិបានជួយដឹកទៅមន្ទីរពេទ្យក្រុងតាខ្មៅ។

ដោយស្ថានភាពរបួសធ្ងន់ធ្ងរ គ្រូពេទ្យបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្រ្គោះបន្ទាន់។ចំណែកតៃកុងព្យាយាមបើករថយន្តរត់តាំងពីកន្លែងកើតហេតុ រហូតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបចុះគេចខ្លួនបាត់៕ដោយ៖វិចិត្រ