អន្តរជាតិ

ប្រធានក្រុមការងារសហភាពអឺរ៉ុប៖ វាមិនងាយស្រួលទេ ក្នុងការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី

ប្រធានក្រុមការងារនៃសហភាពអឺរ៉ុបបានបញ្ជាក់ថ្មីៗនេះថា វាមិនងាយស្រួលទេក្នុងការរឹបអូសទ្រព្យ​សម្បត្តិរុស្ស៊ីចុងក្រោយតម្លៃជាង៣០០ពាន់លានដុល្លារ។

អ្នកការទូតស៊ុយអែត Anders Ahnlid បាននិយាយមួយសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំលើកដំបូង​របស់ក្រុមការងារសហភាពអឺរ៉ុបនៅក្នុងទីក្រុង Stockholm ថា “វាគឺពិតជាបញ្ហាប្រឈមក្នុងការ​ស្វែងរកមធ្យោបាយផ្លូវច្បាប់ដើម្បីចង់ទាញយកទ្រព្យទាំងនោះ”។ ប្រធានក្រុមរូបនេះបានបញ្ជាក់ថា “វាមិនមែនជាកិច្ចការសាមញ្ញទេ” នៅពេលនិយាយអំពីការស្វែងរកចំនួនទឹកប្រាក់ដ៏ច្រើន​ដែលមានបំណងបង្វែរយកទៅចំណាយជួយសម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែន។ តែយ៉ាងណាក៏ដោយ អឺរ៉ុបគ្រោងនឹងព្យាយាម “ច្នៃប្រឌិត” ធ្វើវាឲ្យបាន។ យោងតាមទីភ្នាក់ងារ​សារព័ត៌មាន AFP ទ្រព្យសម្បត្តិរដ្ឋរុស្ស៊ីដែលសហភាពអឺរ៉ុបកំពុងដាក់ផែនការគឺមានប្រហែល ៣៥០ពាន់លានដុល្លារ។

រាប់ចាប់តាំងពីទ្រព្យសម្បត្តិមហាសេដ្ឋី រហូតដល់ទុនបម្រុងបរទេសរបស់ធនាគារកណ្តាលរុស្ស៊ី គឺប្រៀបបានដូចជាភ្នំទ្រព្យដ៏ក្រាស់ក្រែលអ៊ីចឹង ប៉ុន្តែការរឹបអូសតាមមាត់និយាយ មិនស្រួលដូចការចុះអនុវត្តជាក់ស្តែងនោះទេ។ នេះដោយយោងតាមមន្រ្តីសហភាពអឺរ៉ុប៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា