សន្ដិសុខសង្គម

ឃុំខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធជំពាក់ប្រាក់គេមិនសងចំនួនជិត៤០ម៉ឺនដុល្លារ

ភ្នំពេញ៖តុលាការរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២២ ខែមីនា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធជំពាក់ប្រាក់គេចំនួន៣៨០.០០០ដុល្លារ មិនព្រមសង ហើយគេចខ្លួន។

សមត្ថកិច្ចបានឱ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែមីនាថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យឃុំខ្លួនស្ត្រីម្នាក់ឈ្មោះ ភោគ ស្រីលាភ អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារភ្នំពេញ PJ ជាបណ្តោះអាសន្ន ។មុនឃាត់ខ្លួន ស្ត្រីរូបនេះស្នាក់នៅផ្ទះជួលក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រោមបណ្តឹងពីស្ត្រីឈ្មោះណុប លក្ខិណា។

ជនសង្ស័យត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍​អាចជួញដូរបាន” ដែលប្រព្រឹត្តភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២។បទល្មើសព្រហ្មទណ្ឌ​ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់៕ដោយ៖វិចិត្រ