សន្ដិសុខសង្គម

ខឹងមិនឱ្យចូលវត្ត វាយព្រះសង្ឃឱ្យរបួសសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ

តាកែវ៖កម្លាំងនគរបាលស្រុកបាទី បានចាប់បុរសម្នាក់ករណីវាយព្រះចៅអធិការឱ្យរបួសជាច្រើនកន្លែង ព្រោះតែរឿងខឹងលោកសង្ឃមិនឱ្យចូលវត្ត ត្រូវនាំទៅតុលាការនៅថ្ងៃនេះ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមីនា ជនសង្ស័យ​ម្នាក់ចូលទៅក្នុងវត្ត​បាន​វាយ​​ព្រះចៅអ​ធិ​ការ​បណ្តាលឱ្យរងរបួសព្រះ​កេស​​៣​កន្លែងនិង​ថ្ពាល់ ហើយរត់គេចខ្លួន។ក្រោយមកត្រូវ​​ផ្នែកជំនាញខេត្ត​សហការចុះស្រាវជ្រាវចាប់ខ្លួន។

ជនសង្ស័យឈ្មោះ គង់ ណែត អាយុ២៦ឆ្នាំ នៅភូមិក្រាំប្រទាល ឃុំដូង ស្រុកបាទី ខេត្តតាកែវ មានប្រើប្រាស់គ្រឿងញៀនថ្នាំ។ មុនកើតហេតុ ជនសង្ស័យតែងតែអុកឡុកក្នុងទីអារាម ត្រូវបានព្រះចៅអធិការដេញមិនឱ្យចូលវត្ត។ ពេលនោះរូបគេខឹងហើយបានវាយទៅលើព្រះសង្ឃ​បណ្តាលឱ្យរងរបួសតែម្តង។

​ព្រះសង្ឃរងគ្រោះ​ព្រះ​នាម វាល់ លិ​ន ព្រះ​ជន្ម​៧១​វស្សា ​​គង់នៅ​វត្ត​ប្រាសាទ​មាន​ជ័យ ​ក្នុងភូមិ​ក្រាំង​ប្រទាល ខេត្តតាកែវ។

ក្រោយ​កើតហេតុសមត្ថកិច្ចបានតាម​ចាប់ខ្លួន​ជនសង្ស័យយកមក​កសាង​សំណុំរឿង​ដើម្បីចាត់ការ​តាមច្បាប់៕ដោយ៖វិចិត្រ