អន្តរជាតិ

អ៊ុយក្រែននឹងបើកការវាយរំដោះខ្នាតធំយកបាក់មុតមកវិញក្នុងពេលឆាប់ៗនេះ

អ៊ុយក្រែនបាននិយាយថា ខ្លួននឹងបើកការវាយរំដោះខ្នាតធំផ្តាច់យកក្រុងបាក់មុត ខេត្តដូណេត ភាគខាងកើតពីរុស្ស៊ីទាំងអស់មកវិញក្នុងពេលឆាប់ៗនេះ។

នេះបើតាមវរសេនីយ៍ឯកអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយនៅលើ   បណ្តាញសារ Telegram កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ។  Syrskyi បាននិយាយថា ទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី “កំពុងបាត់បង់កម្លាំងយ៉ាងច្រើន ហើយកំពុងអស់ចំហាយ បណ្តើរៗ”។ ដោយបានរាយបញ្ជីពីការវាយលុករបស់អ៊ុយក្រែនកាលពីឆ្នាំមុន ដែលបង្ហាញពីចំណុចរបត់នៃសង្រ្គាម លោកបាននិយាយថា “ឆាប់ៗនេះយើងនឹងទាញយក អត្ថប្រយោជន៍ពីឱកាសនេះ ដូចដែលយើងបានធ្វើកាលពីអតីតកាលនៅជិតទីក្រុង Kyiv, Kharkiv, Balakliya និង Kupiansk”។ “កងទ័ពអ៊ុយក្រែននឹងបើកប្រតិបត្តិវាយបករំដោះផ្តាច់យកក្រុងបាក់មុត យកមកវិញក្នុងពេល  ឆាប់ៗនេះ”។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានទាហានស៊ីឈ្នួល Wagner បានបោះពុម្ពលិខិតមួយទៅកាន់ រដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ដោយនិយាយថា អ៊ុយក្រែនមានគោលបំណងបំបែកកងកម្លាំង របស់គាត់ចេញពីកងទ័ពធម្មតារបស់រុស្ស៊ី ដោយអំពាវនាវប្រាប់ឱ្យ Shoigu ធ្វើសកម្មភាពដើម្បី ការពារជាបន្ទាន់ និងព្រមានអំពី “ផលវិបាកអវិជ្ជមាន” ប្រសិនបើបរាជ័យ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា