សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកអនុវត្តវិធានការច្បាប់

បាត់ដំបង៖កម្លាំងនគរបាលស្រុកថ្មគោល បានឃាត់ខ្លួនអ្នកញៀននឹងលេងល្បែងចំនួន៥នាក់ ត្រូវបាននាំយកទៅអនុវត្តវិធានការផ្លូវច្បាប់។ មន្ត្រីនគរបាលបានឱ្យដឹងថា ករណីទប់ស្កាត់ ការលួចលេងល្បែងស៊ីសងខាងលើនេះឆ្មក់បង្ក្រាបនៅត្រង់ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែមីនា។

ជនដែលប្រព្រឹត្តល្បែងផ្ទុយនឹងច្បាប់នេះសរុបចំនួន៥នាក់មានឈ្មោះសុខ វុទ្ធី អាយុ៥៦ឆ្នាំ, ឈ្មោះហ៊ាន សៀនស្រី ភេទស្រី អាយុ៦៦ឆ្នាំ, ឈ្មោះជឿន ជី ភេទស្រី អាយុ ៣២ឆ្នាំ, ឈ្មោះផូ គឹមសឿន ភេទស្រី អាយុ ៣៩ឆ្នាំ និងឈ្មោះចាន់ រ៉ា អាយុ ១៧ឆ្នាំ។ ទាំងអស់គ្នារស់នៅក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ។

ចំពោះមុខកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោលអនុវត្តវិធានការអប់រំ និងធ្វើកិច្ចសន្យាឱ្យ បញ្ឈប់សកម្មភាព រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅផ្ទះវិញ៕ដោយ៖ព្រះអង្គខ្មៅ