សន្ដិសុខសង្គម

ប្រទះឃើញបុរសម្នាក់យកខោចងកជាប់មែកឈើមិនដឹងស្លាប់ពីពេលណា

បន្ទាយមានជ័យ៖បុរសម្នាក់បាត់ខ្លួនពីផ្ទះ៣ថ្ងៃ ត្រូវពលរដ្ឋឃើញចងកសម្លាប់ខ្លួនលើដើមឈើ តាមផ្លូវជាតិលេខ៥ ក្នុងភូមិទឹកថ្លា ក្រុងសេរីសោភ័ណ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អត្តឃាតជនឈ្មោះ រឹម ប៊ុនរឿង អាយុ ៥៣ឆ្នាំ នៅភូមិ២ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ។ចំណែកប្រពន្ធឈ្មោះនៅ សុផារី អាយុ៤៣ឆ្នាំ មានកូន២នាក់ក្នុងបន្ទុក។ស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា ក្រោយពីបាត់ប្ដី៣ថ្ងៃ ក្រុមគ្រួសារបានដើររកដោយដាក់ពាក្យបណ្ដឹងនិងដាក់រូបថតតាមប៉ុស្តិ៍នគរបាលដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកប្ដីគាត់។

ប្រពន្ធបានបន្តថា ប្ដីរបស់គាត់បានផឹកស្រាជាច្រើនឆ្នាំមកហើយ សង្ស័យប៉ះពាល់ដល់សរសៃប្រសាទ។រហូតមកដល់រសៀលថ្ងៃកើតហេតុ មានអ្នកដំណើរតាមផ្លូវជាតិលេខ៥ បានប្រទះឃើញបុរសម្នាក់ចងកស្លាប់មិនដឹងពីពេលណា។ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យហើយបញ្ជាក់ថា ជនធ្វើអត្តឃាតបានយកខោរបស់ខ្លួនចងកភ្ជាប់មែកដើមឈើសម្លាប់ដោយខ្លួនឯងមែន ដោយនៅលើដងខ្លួនគ្មានស្លាកស្នាមនឹងអំពើឃាតកម្មទេ៕ដោយ៖វិចិត្រ