សន្ដិសុខសង្គម

បញ្ជូនអ្នកសមគំនិត២នាក់ករណីសម្លាប់មនុស្សនៅស្រុកបសេដ្ឋទៅតុលាការ

កំពង់ស្ពឺ៖សមត្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្ម ដែលជនសង្ស័យសម្លាប់បុរសម្នាក់នៅ ខេត្តកំពង់ស្ពឺនាពេលកន្លងទៅដោយចាប់បានអ្នកសមគំនិត២នាក់ ត្រូវបញ្ជូនទៅតុលាការនៅព្រឹកនេះ។

ករណីឃាតកម្មនេះកើតឡើងនៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅ។

ក្រោយពីមានអំពើឃាតកម្ម កម្លាំងនគរបាលក្រសួងមហាផ្ទៃ ជាមួយនគរបាលខេត្តកំពង់ស្ពឺកាលពី ថ្ងៃទី២២ ខែមីនា បានស្រាវជ្រាវឈានដល់ចាប់បក្ខពួកជនសង្ស័យ២នាក់ នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យជាអ្នកសមគំនិត និងលាក់កំបាំងបទល្មើសឈ្មោះ យ៉ា សុជាតិ អាយុ២៣ឆ្នាំ នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ និងឈ្មោះ អៀម សំណាង អាយុ១៧ឆ្នាំ។ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ភឿង សៅរឿ អាយុ៣២ឆ្នាំ នៅភូមិឃុំជាមួយគ្នា។រីឯជនដៃដល់កំពុងរត់គេចខ្លួន។

បច្ចុប្បន្នកម្លាំងនាយកដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តស្វែងរកចាប់បក្ខពួកម្នាក់ទៀតដែលជា ជនដៃដល់យកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ