អន្តរជាតិ

កូរ៉េខាងជើងបានសាកល្បងដ្រូនបាញ់នុយក្លេអ៊ែរក្រោមទឹកនៅថ្ងៃនេះ

ក្រឡេកមកឯកូរ៉េខាងជើងវិញ នៅថ្ងៃសុក្រទី ២៤ ខែមីនានេះ បានបញ្ជាក់ដោយផ្ទាល់មាត់ថា ខ្លួនបានសាកល្បងដ្រូនក្រោមទឹក ដែលមានសមត្ថភាពបាញ់គ្រាប់បែកនុយក្លេអ៊ែរដោយជោគជ័យ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានសាកល្បងនូវដ្រូនវាយប្រហារក្រោមទឹក ដែលមានសមត្ថភាពបាញ់គ្រាប់បែកនុយក្លេអ៊ែរថ្មី យ៉ាងពិតប្រាកដ។ KCNA និយាយថា ក្នុងអំឡុងពេលនៃការសាកល្បង យន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើងថ្មីនេះបានជិះនៅក្រោមទឹកក្នុងជម្រៅពី ៨០ ទៅ ១៥០ ម៉ែត្រ អស់រយៈពេលជាង ៥៩ ម៉ោង ហើយបានបំផ្ទុះគ្រាប់បែកសាកល្បងក្នុងទឹកនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនបានជោគជ័យ។

ប្រព័ន្ធ Drone ថ្មីនេះមានគោលបំណងធ្វើការវាយប្រហារដោយសម្ងាត់នៅក្នុងដែនទឹករបស់សត្រូវ និងបំផ្លាញក្រុមកងទ័ពជើងទឹក និងកំពង់ផែប្រតិបត្តិការសំខាន់ៗ ដោយបង្កើតរលកវិទ្យុសកម្មដ៏ធំមួយ តាមរយៈការផ្ទុះនៅក្រោមទឹក។ ទីភ្នាក់ងារព័ត៌មានបាននិយាយថា “ដ្រូនវាយប្រហារក្រោមទឹក នុយក្លេអ៊ែរនេះ អាចត្រូវបានដាក់ពង្រាយនៅឆ្នេរសមុទ្រ និងកំពង់ផែណាមួយ ឬអូសដោយកប៉ាល់លើផ្ទៃទឹកសម្រាប់ប្រតិបត្តិការ”    ខណៈលោកគីមជុងអ៊ុន ក៏បានត្រួតពិនិត្យការសាកល្បងនេះដែរ។

ជុំវិញដំណឹងនេះ មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់បាននិយាយថា ពួកគេកំពុងវិភាគលើការអះអាងរបស់ កូរ៉េខាងជើង។ មន្ត្រី​អាម៉េរិក​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ​គ្មាន​ការ​បង្ហាញ​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​ណាមួយឡើយ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS