កម្សាន្ដ

លោកខេមរៈ សិរីមន្ត ថានឹងយកបទកំពុងល្បីទៅបំពេអារម្មណ៍អ្នកព្រះវិហារ

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ តារាចម្រៀងមានងារជាឧកញ៉ា លោក ខេមរៈ សិរីមន្ត នឹងយកបទចម្រៀងដែលកំពុងទទួលបានការគាំទ្ររបស់ខ្លួន ទៅអង្រួនអារម្មណ៍អ្នកខេត្តព្រះវិហារនៅថ្ងៃទី ២៥-២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក សិរីមន្ត ដែលជាតារាជួរមុខមួយរូបក្នុងប្រទេសកម្ពុជា នឹងចូលរួមបញ្ចេញទេព្យកោសល្យរបស់ខ្លួន ដោយភ្ជាប់បទចម្រៀងថ្មីៗដែលកំពុងពេញនិយម និងគាំទ្រយ៉ាងខ្លាំងពីមហាជន។ តួយ៉ាងដូចជាបទ “ទយៗ” ជាដើម កំពុងមានការគាំទ្រភ្លូកទឹកភ្លូកដីទាំងលើបណ្តាញសង្គម និងតាមមជ្ឈដ្ឋាននានា ជាពិសេសស្រទាប់យុវវ័យ។

លោកនឹងយកបទចម្រៀងថ្មីៗរួមទាំងក្បាច់រាំឲ្យបងប្អូននៅខេត្តព្រះវិហារបានឃើញផ្ទាល់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការប្រគំតន្រ្តី មួយនៅថ្ងៃទី ២៥-២៦ ខែមីនា ខាងមុខនេះ។បទចម្រៀងថ្មីៗដែលជាបទទំរង់ Hip Hop ញាក់កន្រ្តាក់អារម្មណ៍ នាំឲ្យអ្នកគាំទ្រទទួលបានភាពសប្បាយរីករាយរបស់លោក ក៏ជាបទដែលសម្រាប់ត្រៀមអបអរសារទ មុន និងក្នុងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះផងដែរ៕