អន្តរជាតិ

បារាំងយកទាហានអ៊ុយក្រែន៣០នាក់ទៅបង្វឹកបើកយន្តហោះ Mirage 2000រយៈពេល១ខែកន្លះ 

ប្រទេសបារាំងយកទាហានអ៊ុយក្រែន៣០នាក់ ទៅបង្វឹករយៈពេល១ខែកន្លះលើយន្តហោះចម្បាំង Mirage 2000 បើទោះបីជាមិនទាន់មានសេចក្តីសម្រេចថានឹងបញ្ជូនយន្តហោះចម្បាំងទៅ​អ៊ុយក្រែនជាលក្ខណៈផ្លូវការក៏ដោយ។

យោងតាមកាសែតបារាំង Le Figaro បានឲ្យដឹងថា អាកាសយានិកអ៊ុយក្រែនប្រហែលសាមសិបនាក់ បាននិងកំពុងទទួលការហ្វឹកហ្វឺនបង្កើនល្បឿនលើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកបារាំងស៊េរី Mirage 2000  នៅមូលដ្ឋានទ័ពអាកាស Mont-de-Marsan និង Nancy ក្នុងរយៈពេលសរុបជាងមួយខែកន្លះ។ ការ​សម្រេច​ចិត្ត​បណ្ដុះបណ្ដាល​អាកាសយានិក​ត្រូវ​បាន​ធ្វើ​ឡើងតាំងពី​នៅ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី Volodymyr Zelenskyy ទៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ឆ្នាំ២០២៣ម្ល៉េះ។

នៅដើមខែមីនានេះ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sébastien Lecornu បាននិយាយនៅក្នុង​ការសន្ទនាជាមួយសមាជិកព្រឹទ្ធសភាថា ប្រទេសបារាំងមិនទាន់បានធ្វើការសម្រេចចិត្តណាមួយ​លើយន្តហោះសម្រាប់អ៊ុយក្រែន ឬការហ្វឹកហ្វឺនអ្នកបើកបរទេ ប៉ុន្តែបានទទួលស្គាល់ថា​ប្រធានបទនេះកំពុងត្រូវបានពិភាក្សាបណ្តើរៗ។ កងទ័ពអាកាសបារាំងឥឡូវនេះមានយន្តហោះចម្បាំង​សរុបចំនួន ១៩៥ គ្រឿង: ៩៦គ្រឿងជាប្រភេទ Rafale, ៩៩គ្រឿងជាប្រភេទ Mirage 2000 និងស៊េរីផ្សេងៗទៀត ខណៈយន្តហោះ ៤០គ្រឿង កំពុងដាក់បម្រើការជាមួយកងនាវាចរ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា