សន្ដិសុខសង្គម

បញ្ជូនអ្នកចាក់សម្លាប់មនុស្សនៅខេត្តកំពង់ឆ្នាំងចាប់បានក្នុងខេត្តកំពង់ស្ពឺទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចបានតាមរកជនសង្ស័យម្នាក់ ករណីចាក់សម្លាប់មនុស្សក្នុងខេត្តកំពង់ឆ្នាំង​ទៅចាប់បានដល់ខេត្តកំពង់ស្ពឺ ត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ករណីឃាតកម្មនេះនៅភូមិតាំងពោន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ២១ ខែមីនា។ជនសង្ស័យឈ្មោះ វ៉ន រិទ្ធ អាយុ២២ឆ្នាំ បានប្រើកាំបិតត្នោត​ចាក់ទៅលើជនរងគ្រោះឈ្មោះ នុត សារឿង ចំនួន១៥កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗ​ហើយប្លន់យកទ្រព្យសម្បត្តិរួចគេចខ្លួនបាត់។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលនាយកដ្ឋាន សហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវជាបន្ទាន់ដោយកំណត់បានទីតាំងជនសង្ស័យលាក់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី២២ ខែមីនា ក្រុមជំនាញបានបន្តសហការជាមួយនគរបាលកំពង់ស្ពឺ ដោយឃាត់ខ្លួនជនដៃដល់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បុរសសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកំាបិត​រហូតស្លាប់មែន រួចប្លន់យកនាទ្បិកា-ទូរសព្ទនិងម៉ូតូហើយជិះគេចមកខេត្តកំពង់ស្ពឺ។ ពេលចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូ១គ្រឿង-នាទ្បិកាដៃ១និងទូរសព្ទ១គ្រឿងរបស់ជនរងគ្រោះ។

ក្រោយមកកម្លាំងនាយកដ្ឋាន បានប្រគល់ជនសង្ស័យនិងវត្ថុតាងឱ្យនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ