អន្តរជាតិ

ធនាគារពិភពលោក៖ ការកសាងនិងស្តារឡើងវិញរបស់អ៊ុយក្រែននឹងត្រូវចំណាយ ៤១១ ពាន់លានដុល្លារ

ធនាគារពិភពលោកចេញវាយតម្លៃថា ប្រទេសអ៊ុយក្រែនត្រូវបានរងការបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់ ដោយត្រូវចំណាយទឹកប្រាក់ប្រមាណ ៤១១ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញ។

ការវាយតម្លៃជាង ៤០០ពាន់លានដុល្លារនេះបានធ្វើឡើងរួមគ្នាដោយរដ្ឋាភិបាលអ៊ុយក្រែន, ធនាគារពិភពលោក, គណៈកម្មការអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលជាការកើនឡើង​ដ៏សែនខ្ពស់មួយពីចំនួនចាស់ ៣៤៩ ពាន់លានដុល្លារប៉ាន់ប្រមាណនៅក្នុងរបាយការណ៍​ដែលបានចេញផ្សាយនៅក្នុងខែកញ្ញា។ ការវាយតម្លៃចុងក្រោយនេះគេរំពឹងថា ទីក្រុង Kyiv នឹងត្រូវការប្រាក់ ១៤ពាន់លានដុល្លារបន្ថែមពីលើទៀត សម្រាប់ ការវិនិយោគសំណង់ឡើងវិញ និងការស្តារឡើងវិញដ៏សំខាន់ និងជាអាទិភាពនៅឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃពុធថា “ហេដ្ឋារចនាសម្ព័ន្ធថាមពល លំនៅដ្ឋាន ហេដ្ឋារចនា    សម្ព័ន្ធសំខាន់ៗ សេដ្ឋកិច្ច និងការដោះមីនមនុស្សធម៌ គឺជាអាទិភាពចំនួនប្រាំរបស់យើងសម្រាប់ឆ្នាំនេះ”។ លោក​បាន​បន្ថែម​ថា ​ផ្នែក​នៃ​ការ​កសាង​ឡើង​វិញ​បាន​ធ្វើ​រួច  ​ហើយ។ បើទោះបីជាយ៉ាងណា របាយការណ៍បាននិយាយថា ការប៉ាន់ប្រមាណមិនអាចដឹងច្បាស់ប្រាកដទាំងស្រុងនោះទេ វានឹងអាស្រ័យទៅលើដំណើរការ​សង្រ្គាមថាតើនឹងបន្តទៀតយូរប៉ុនណា។ ការខូចខាតដោយផ្ទាល់ដល់អគារ និងហេដ្ឋារចនាសម្ព័ន្ធ​មានដល់ទៅជាង ១៣៥ ពាន់លានដុល្លារ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា