សន្ដិសុខសង្គម

តៃកុងទំនងស្រវឹងបើករថយន្តទំនើបផ្លាកលេខរដ្ឋធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញ​៖បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តទំនើបម៉ាក Fortuner ផ្លាកលេខរដ្ឋ ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយបឹងសាឡាង ក្រឡាប់ផ្ងារកង់ ត្រូវអ្នកភូមិជួយសង្គ្រោះ។គ្រោះថ្នាក់ចរាចរដោយខ្លួនឯងនេះ បានកើតឡើងនៅតាមផ្លូវជាប់ប្រឡាយទឹកស្អុយ ក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែមីនា។

អ្នកភូមិបានប្រាប់ឱ្យដឹងថា​ មុនកើតហេតុ រថយន្តម៉ាក Fortuner ផ្លាកលេខរដ្ឋ17 2-7117 បើកចេញពីផ្លូវលំពីត្បូងទៅជើងក្នុងល្បឿនលឿន​។មកដល់កន្លែងខាងលើ​ស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ រថយន្តក្រឡាប់ផ្ងារកង់បណ្តាលឱ្យ​ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកបររងរបួសបន្តិចបន្តួចត្រូវបានពលរដ្ឋជួយយកឡើងមកលើ ហើយក៏បានដើរគេចចេញបាត់តែម្តង។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានមកពិនិត្យ មិនឃើញមានគ្រោះថ្នាក់ដល់មនុស្សនិងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏ឱ្យម្ចាស់រថយន្តស្ទូចចេញពីក្នុងប្រឡាយយកទៅជួសជុល៕ដោយ៖វិចិត្រ