អន្តរជាតិ

មនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដី៣ប្រទេសនៅថ្ងៃនេះ

មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត៦.៥រិចឆ្ទ័រនៅប្រទេសអាហ្វហ្គានីស្ថាន, ប៉ាគីស្ថាន និងរញ្ជួយដល់ប្រទេសឥណ្ឌា នៅថ្ងៃពុធទី ២២នេះ។

មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយនៅថ្ងៃទី ២២ ខែមីនាថា នៅភាគពាយព្យប្រទេសប៉ាគីស្ថាន មនុស្សយ៉ាងតិចប្រាំបួននាក់បានស្លាប់ និង ៤៤នាក់បានរងរបួស។ មន្ទីរពេទ្យនៅភាគខាងជើងខេត្ត Khyber Pakhtunkhwa ត្រូវបានដាក់ក្នុងភាពអាសន្នពេញមួយយប់។ មន្ត្រីក្រសួងសុខាភិបាលម្នាក់ទៀត​បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មនុស្សយ៉ាងតិច៤នាក់​ក៏បានស្លាប់ និង៥០នាក់បានរងរបួស។ ការរញ្ជួយក៏ត្រូវបានគេមានអារម្មណ៍ដឹងដល់ទីក្រុងញូដេលី​ប្រទេសឥណ្ឌាផងដែរ តែមិនមានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បានបញ្ជាក់ថា ចំណុចកណ្តាល​នៃការរញ្ជួយដីនេះស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Jurm ប្រទេសអាហ្វហ្គានីស្ថាន នៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន និងតាជីគីស្ថាន  ខណៈកម្រិតរញ្ជួយគឺ ៦.៥រិចឆ្ទ័រ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា