សន្ដិសុខសង្គម

បញ្ជូន២នាក់ពាក់ព័ន្ធញុះញង់និងប្រមាថលើអង្គព្រះមហាក្សត្រទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចចាប់បញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីញុះញង់និងប្រមាថលើអង្គព្រះមហាក្សត្រទៅតុលាការរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនគរបាលភ្នំពេញបានឱ្យដឹងថា បុរស២នាក់ដែលកម្លាំងឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២១ ខែមីនា នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។សមត្ថកិច្ចបានបញ្ជូនទៅតុលាការភ្នំពេញ នារសៀលថ្ងៃទី២២ ខែមីនានេះ ពាក់ព័ន្ធបទល្មើស ទី១-ញុះញង់និងទី២ ពីបទប្រមាថលើអង្គព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការបង្ហោះព័ត៌មានមិនពិតលើបណ្ដាញសង្គម ដែលជាចេតនាដ៏អាក្រក់ប្រមាថព្រះចេស្ដាព្រះមហាក្សត្រ និងកិត្តិយសរបស់នាយករដ្ឋមន្ត្រី ។ក្នុងពេលព្រះអង្គយាងជាព្រះរាជអធិបតីដ៏វិសេសវិសាល ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត។

សម្តេចតេជោ ហ៊ុន សែន បន្តថា ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនក្រុមប្រឆាំង២នាក់ ឈ្មោះហ៊ុន កុសល និងយឹម ស៊ីណន កាលពីម្សិលមិញ ទាក់ទងនឹងការបង្ហោះសារប្រមាថលើព្រះចេស្ដា អង្គព្រះមហាក្សត្រ។ទន្ទឹមនោះ សម្តេចតេជោ ជំរុញដល់គ្រប់ទូរទស្សន៍ទាំងអស់ចាក់ផ្សាយឡើងវិញ​នូវព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា  សម្រាប់ព្រឹត្តិការណ៍​ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញ ដើម្បីឱ្យពលរដ្ឋបានឃើញពីការគោរពប្រណិប័តន៍របស់សម្ដេចតេជោ ចំពោះអង្គព្រះមហាក្សត្រ៕ដោយ៖វិចិត្រ