អន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុនធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគៀវអ៊ុយក្រែន

នាយករដ្ឋមន្រ្តីជប៉ុនលោកFumio Kishida បានធ្វើដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់​ទីក្រុងគៀវប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២១ ខែមីនា ​ឆ្នាំ២០២៣ ស្របពេលជាមួយគ្នា​នឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនស៊ីជីនពីង ទៅកាន់ទីក្រុងមូស្គូប្រទេសរុស្ស៊ីដែរ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលនឹងក្លាយជាប្រធាននៃកិច្ចប្រជុំកំពូលក្រុមប្រាំពីរ ហៅកាត់ថា G7 នៅក្នុងខែឧសភាខាងមុខនេះ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នាទីក្រុងKyiv និងបានចូលទស្សនកិច្ច គោរពវិញ្ញាណក្ខន្ធអ្នកដែលត្រូវបានសម្លាប់​នៅក្នុងទីក្រុង Bucha ជានិមិត្តរូបនៃអំពើឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងជនស៊ីវិល។ Zelenskyy បានហៅ Kishida ថាជា “អ្នកការពារដ៏មានឥទ្ធិពលនៃសណ្តាប់ធ្នាប់អន្តរជាតិ” និង “ជាមិត្តដ៏យូរលង់របស់​អ៊ុយក្រែន”។

លោកក៏បានបញ្ជាក់ផងដែរថា លោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នាពេលខាងមុខ តាមរយៈតំណភ្ជាប់វីដេអូ។ ដោយសារតែជំហរសន្តិភាព ការគាំទ្ររបស់ជប៉ុនសម្រាប់អ៊ុយក្រែន​ត្រូវបានកំណត់ចំពោះឧបករណ៍ដែលមិនមានគ្រោះថ្នាក់ និងការផ្គត់ផ្គង់មនុស្សធម៌។ ជប៉ុនបានរួមចំណែកជាង ៧ ពាន់លានដុល្លារដល់អ៊ុយក្រែន និងទទួលយកជនភៀសខ្លួនអ៊ុយក្រែនជាង ២០០០ នាក់ បើទោះបីជាគោលនយោបាយអន្តោប្រវេសន៍ប្រទេសហាក់តឹងរ៉ឹងក៏ដោយ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា