សន្ដិសុខសង្គម

រៀបចំនាំ៣នាក់ករណីប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូទៅតុលាការ

បន្ទាយមានជ័យ៖ព្រឹកថ្ងៃទី២២ខែមីនា កម្លាំងនគរបាលខេត្ត បានសាកសួរបន្តជនសង្ស័យ៣នាក់ ករណីប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមីនា ជនរងគ្រោះបានមកប្តឹងឱ្យសមត្ថកិច្ចជួយ​អន្តរាគមន៍ចាប់ជនសង្ស័យ ដែលបានកាប់ប្លន់យកម៉ូតូ។បន្ទាប់ពីបានបណ្តឹងភ្លាមកម្លាំងប្រចាំបញ្ជា​បានចុះឃាត់ជនសង្ស័យ៣នាក់។ ជនរងគ្រោះឈ្មោះ ហ៊ន ណារ័ត្ន ហៅឆក អាយុ២២ឆ្នាំ ស្នាក់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានដាក់ពាក្យបណ្ដឹងថា នៅយប់ថ្ងៃទី២១ ខែមីនា ខ្លួនបានជិះម៉ូតូឌុបមិត្តភក្តិ៣នាក់ពីអូរបីជាន់មកក្រុងប៉ោយប៉ែត ។ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខបាត់ដំបង1Y-9877 ។ ពេលជិះមកដល់ម្ដុំកាស៊ីណូឆៃណាថោន​ក្រុងប៉ោយប៉ែត​ស្រាប់តែមានជនមិនស្គាល់មុខប្រដាប់ដោយកាំបិតផ្គាក់បម្រុងកាប់មកលើពួកខ្លួន។ ភ្លាមនោះពួកខ្លួនបានរត់ចោលម៉ូតូ ហើយម៉ូតូរបស់ខ្លួនត្រូវបានពួកចោរជិះទៅបាត់។

សមត្ថកិច្ចស្រាវជ្រាវចាប់បានជនសង្ស័យចំនួន៣នាក់-ឈ្មោះរឿន ទ្រី អាយុ១៨ឆ្នាំ-ឈ្មោះអឿន សុភ័ណ អាយុ២៧ឆ្នាំនិងឈ្មោះ ឃឿត ថៃសាន ហៅត្រេន អាយុ១៧ឆ្នាំ។ពួកគេស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដកហូតកាំបិតផ្គាក់១និងម៉ូតូ១គ្រឿង៕ដោយ៖វិចិត្រ