សន្ដិសុខសង្គម

មិនទាន់ដឹងមូលហេតុក្រោយឃើញជនបរទេសម្នាក់ចងកសម្លាប់ខ្លួន

ស្វាយរៀង៖សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីមូលហេតុ បន្ទាប់ពីប្រទះឃើញបុរសបរទេសម្នាក់បានចងក​សម្លាប់ខ្លួន ដោយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីជនបរទេសម្នាក់ចងកសម្លាប់ខ្លួននោះ នៅជិតមន្ទីរសម្រាកព្យាបាលជំងឺមួយ ស្ថិតក្នុងភូមិ​បាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២១ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា សពជាជនបរទេសតែមិនទាន់ដឹងជាតិសាសន៍អីនៅឡើយ មានភិនភាគ សម្បុរស ពាក់អាវយឺតដៃខ្លី ពណ៌លឿង ស្លៀកខោខូវប៊យជើងខ្លី ពាក់ស្បែកជើងប៉ាតា។ មុនមានភាពឆោឡោ មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលបាវិត បានទទួលព័ត៌មានពីពលរដ្ឋថា មានសាកសពចងកស្លាប់នៅដីភូមិព្រៃកូនឈើ ជិតមន្ទីរសម្រាកព្យាបាលជំងឺមួយកន្លែង​ក្នុងភូមិបាវិតកណ្តាល។

ភ្លាមនោះកម្លាំងនគរបាលជំនាញក្រុងបាវិត-ខាងបច្ចេកទេសវិទ្យាសាស្ត្រនិងគ្រូពេទ្យបានចុះទៅកន្លែងកើតហេតុ។ក្រោយពីពិនិត្យលើសាកសពហើយបានឱ្យដឹងថា អត្តឃាតជនជាបុរសបរទេស ឈ្មោះ RENDY ONDANG ស្លាប់ដោយសារចងកប្រាកដមែន ព្រោះមិនមានស្លាកស្នាមជារឿងឃាតកម្មនោះទេ។

សពត្រូវបានបញ្ជូនទៅប្រគល់ឱ្យនាយដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ តម្កល់ទុកនៅវត្តទឹកថ្លា​រាជធានីភ្នំពេញ ដើម្បីបន្តស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ