សន្ដិសុខសង្គម

បង្ហាញមុខក្រុមទំនើង៧នាក់ករណីគប់ បំបែកកញ្ចក់រថយន្តអ្នកដំណើរ

កំពង់ធំ៖នគរបាលខេត្តកំពង់ធំ ព្រឹកថ្ងៃទី២២ ខែមីនានេះ បានបង្ហាញមុខក្រុមទំនើង៧នាក់​ករណីគប់បំបែកកញ្ចក់រថយន្តអ្នកដំណើរ មុនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងនគរបាល​ខេត្ត​កំពង់​ធំ ​បានបញ្ជាក់ប្រាប់បណ្តាញ​សារព័ត៌មាន​ថា កាលពីយប់ថ្ងៃទី១៧ ខែមីនា ក្រុមក្មេងទំនើងបានយកដុំថ្មគប់បំបែកកញ្ចក់រថយន្ត​របស់ក្រុមតន្ត្រីពេលវិលត្រឡប់ទៅផ្ទះវិញបណ្តាលឱ្យតៃកុងរងរបួសធ្ងន់ផ្នែកផ្ទៃមុខ។រីឯរថយន្តក៏បានរេចង្កូតធ្លាក់ផ្លូវ អ្នករួមដំណើរចំនួន១៧នាក់បានរងរបួស។​

លោកស្នងការរងបានបន្តថា ក្រោយពីមានហេតុការណ៍នេះកើតឡើង កម្លាំងជំនាញ​បានចុះស្រាវជ្រាវ​ចាប់ជនសង្ស័យចំនួន៧នាក់ នៅម្តុំវាលគុក ភូមិសំរិត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែមីនា។

ក្រុមទំនើងមានអាយុពី១៦ដល់១៩ឆ្នាំ នៅស្រុកតាំងគោក ខេត្តកំពង់ធំ-ស្រុកថាឡាបរិវ៉ាត់ខេត្ត​ស្ទឹងត្រែងនិងស្រុកចម្ការលើ ខេត្តកំពង់ចាម។ពួកគេទាំង៧នាក់ជាកម្មករចម្ការកៅស៊ូ។បន្ទាប់ពីនោះជនសង្ស័យទាំង៧នាក់ត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ