សន្ដិសុខសង្គម

ជនជាតិចិនបើករថយន្តទំនើបបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរដោយមានជនជាតិចិនម្នាក់ បើករថយន្តម៉ាកតូយូតាអាល់ផាត បានបុកម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិតាប៉ាង  ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២១ ខែមីនា។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍នេះឈ្មោះ ណម ម៉ាន់ស៊ីម អាយុ២៧ឆ្នាំ នៅភូមិព្រៃតាមូង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខតាកែវ 1V- 3311 ពីកំពង់ឆ្នាំងទៅពោធិ៍សាត់។ចំពោះអ្នកបើកបររថយន្តបង្កជាជនជាតិចិន សមត្ថកិច្ចមិនទាន់បានបញ្ជាក់ឈ្មោះនៅឡើយ។

មុនកើតហេតុ រថយន្តម៉ាក TOYOTA ALPHARD ផ្លាកលេខភ្នំពេញ 2BT-9188 បើកពីជើងទៅត្បូង។មកដល់កន្លែងខាងលើ រថយន្តនេះបានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ ស្លាប់ភ្លាមៗតែម្តង។បន្ទាប់ពីនោះកម្លាំងផ្នែកចរាចរណ៍បានយកបុរសចិនជាអ្នកបើកបរនិង រថយន្ត-ម៉ូតូទៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ