សន្ដិសុខសង្គម

បើកម៉ូតូលឿនទៅបុកខឿនផ្លូវបណ្តាលឱ្យដួលស្លាប់ភ្លាម

ភ្នំពេញ៖បុរសម្នាក់បានបើកម៉ូតូយ៉ាងលឿន ក៏ជ្រុលទៅបុកខឿនផ្លូវបណ្ដាលឱ្យដួលខ្ទាតទៅលើ​ចិញ្ចើមផ្លូវបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាម​ផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី២០ ខែមីនា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះរឹម ពៅ អាយុ២៧ឆ្នាំ ជាកម្មករសំណង់កន្លែងកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

មុនកើតហេតុ គេឃើញបុរសរូបនេះបើកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខពោធិ៍សាត់1H-4693  តាមផ្លូវជាតិលេខ៦ ពីលិចទៅកើតក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើម៉ូតូបានជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឱ្យដួលខ្ទាតមនុស្សទៅលើចិញ្ចើមផ្លូវបោកក្បាលស្លាប់មួយរំពេច។

ក្រោយកើតហេតុ កម្លាំងផ្នែកចរាចរណ៍បានចុះពិនិត្យរួចក៏យកម៉ូតូទៅទុកនៅអធិការដ្ឋាន​នគរបាលខណ្ឌជ្រោយចង្វានិងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ