សន្ដិសុខសង្គម

បុរសចិនម្នាក់លោតពីលើអគារខ្ពស់ចំរបងថ្មបណ្តាលឱ្យស្លាប់

ខេត្តព្រះសីហនុ៖ បុរសចិនម្នាក់បានលោតពីលើអគារដ៏ខ្ពស់មួយក្នុងក្រុងព្រះសីហនុ ត្រូវមន្ត្រី មូលដ្ឋានដឹងក៏សហការរៀបចំទម្រ តែអត្តឃាតជនបានលោតចុះចំរបងថ្មស្លាប់តែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងបុរសជនជាតិចិនម្នាក់បានព្យាយាមលោតចេញពីអគារខ្ពស់មួយកន្លែង ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ  កាលពីល្ងាចថ្ងៃ២០ ខែមីនា។ខណៈនោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធបានដឹងរឿងនេះ ក៏សហការរៀបចំទម្រដើម្បីការពារជីវិត។

ប៉ុន្តែអត្តឃាតជនបានលោតចុះមកប៉ះចំរបងថ្ម បណ្តាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង។ករណីនេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណអ្នកស្លាប់និងមូលហេតុនៅឡើយព្រោះកំពុងបើកការស្រាវជ្រាវ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា សប្ដាហ៍មុនមានបុរសចិនម្នាក់បានធ្លាក់ពីលើសណ្ឋាគារ យីហោ“ឡាជូស”ស្ថិតក្នុងភូមិ៣ ក្រុងព្រះសីហនុដោយមិនទាន់ដឹងមូលហេតុនៃការស្លាប់នៅឡើយ។ទី២នេះបុរសចិនម្នាក់ទៀតបានធ្លាក់ពីលើសណ្ឋាគារយីហោ“LZ” ជិតផ្លូវចូលសាលារៀនអូរទី២ ក្រុងព្រះសីហនុ បណ្តាលឱ្យស្លាប់កាលពីថ្ងៃទី១៩ ខែមីនា ក៏មិនទាន់ដឹងមូលហេតុនៃការស្លាប់ នៅឡើយដែរ៕ដោយ៖វិចិត្រ