អន្តរជាតិ

សហរដ្ឋអាម៉េរិកសុំឲ្យចិនជួយប្រាប់រុស្ស៊ីឲ្យដកទ័ពចេញពីអ៊ុយក្រែនទៅ

សហរដ្ឋអាម៉េរិកប្រកាសសុំឲ្យចិនជួយដាស់តឿនក្រើនរំឭកដល់រុស្ស៊ី ចេះគោរពដល់អធិបតេយ្យភាព​រដ្ឋរបស់អ៊ុយក្រែន ធ្វើយ៉ាងណាដកទ័ពចេញពីអ៊ុយក្រែនឲ្យអស់។

អ្នកនាំពាក្យសេតវិមាន លោក John Kirby បានមានប្រសាសន៍កាលពីថ្ងៃចន្ទ ចំពេលដែល​ប្រធានាធិបតីចិន​លោកស៊ីជីនពីង បានកំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូប្រទេសរុស្ស៊ី។ Kirby ថា លោក Xi គួរតែប្រើឥទ្ធិពលរបស់គាត់ដើម្បីដាក់សម្ពាធលើលោក Putin ឱ្យដកកងទ័ពចេញពីអ៊ុយក្រែនឲ្យបានឆាប់ទៅ ខណៈទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភថា​ទស្សនកិច្ចរបស់ចិននឹងរឹតតែបង្កើនបើកដៃផ្នែកយោធាដល់រុស្ស៊ី។

ប្រទេសចិនបានចេញផ្សាយសំណើមួយដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ដែលភាគច្រើនត្រូវបានបានច្រានចោលដោយភាគីលោកខាងលិច ថាជាផែនការមួយដើម្បីទិញពេលវេលាពន្យារឲ្យលោកពូទីនអាចប្រមូលផ្តុំកងកម្លាំងរបស់គាត់ឡើងវិញ និងពង្រឹងការកាន់កាប់របស់គាត់នៅលើទឹកដីអ៊ុយក្រែន។ អ្នកវិភាគគោលនយោបាយការបរទេសលោកខាងលិចបាននិយាយថា ខណៈពេលដែលលោកពូទីន នឹងស្វែងរកការគាំទ្រខ្លាំងពីលោក Xi ជុំវិញអ៊ុយក្រែន ពួកគេសង្ស័យថា ដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូរបស់លោកស៊ីលើកនេះ នឹងនាំឲ្យមានការគាំទ្រផ្នែកយោធាណាមួយ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា