អន្តរជាតិ

មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ីWagner ថាកងកម្លាំងរបស់ខ្លួនបានគ្រប់គ្រង ៧០% នៃ Bakhmut

មេទាហានស៊ីឈ្នួលរុស្ស៊ី ហៅកាត់ថាWagner បានអះអាងថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រង ៧០ភាគរយនៃទីក្រុងបាក់មុត ខេត្តដូណេត បន្ទាប់ពីបានរុញច្រានកងកម្លាំងអ៊ុយក្រែនអស់រយៈពេល ច្រើនខែ។

មេក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងជាងពាក់កណ្តាលនៃទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែនដែលកំពុងប្រយុទ្ធ ស្មើនឹងប្រហែល ៧០ភាគរយ បន្ទាប់ពីដំណាក់កាលប្រយុទ្ធដ៏សែនយូរបំផុតនៃប្រតិបត្តិការយោធា។  លោក Yevgeny Prigozhin ជាប្រធានក្រុមហ៊ុន បាននិយាយនៅក្នុងលិខិតបើកចំហមួយទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ថា “នៅពេលនេះ អង្គភាព Wagner គ្រប់គ្រងបានប្រហែល ៧០ ភាគរយនៃទីក្រុង Bakhmut ហើយកំពុងបន្តប្រតិបត្តិការដើម្បីបញ្ចប់ការដណ្ដើមទីក្រុងទាំងមូល”។

កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានបង្ហូរឈាមដាក់គ្នាក្តៅគគុកគួរឲ្យកត់សម្គាល់នៅក្នុងសមរភូមិ Bakhmut ទោះបីជាអ្នកវិភាគនិយាយថាទីក្រុងនេះមានតម្លៃយុទ្ធសាស្ត្រតិចតួចក៏ដោយ។ អ៊ុយក្រែន​នៅតែបន្តគិតថា ការ​ប្រយុទ្ធ​ដើម្បី​ទីក្រុង​ឧស្សាហកម្ម​មួយនេះ គឺជា​គន្លឹះ​ដើម្បី​ទប់​កម្លាំង​រុស្ស៊ី​នៅ​តាម​បណ្តោយ​រណសិរ្ស​ភាគ​ខាងកើតផ្សេងទៀត។ យ៉ាងណាមិញ កងកម្លាំងអ៊ុយក្រែនបាននិយាយថា ពួកគេនៅតែអាចបញ្ជូនកម្លាំងប្រយុទ្ធបានជាហូរហែទៅបាក់មុត និងថែមទាំងធ្វើឲ្យទាហានស៊ីឈ្នួលរុស្ស៊ីស្លាប់ និងរបួសរាប់ពាន់នាក់ទៀតផង៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា