សន្ដិសុខសង្គម

មិនទាន់ចាប់បានអ្នកលួចកាប់មនុស្សឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

កំពង់ឆ្នាំង៖រហូតមកដល់ពេលនេះសមត្ថកិច្ចខេត្តកំពង់ឆ្នាំង មិនទាន់ចាប់បានក្រុមជនដៃដល់លួចកាប់មនុស្សឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅឡើយ។ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅផ្លូវចូលវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៩ ខែមីនា។

អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ បុរស២នាក់បានត្រឡប់មកពីមើលប្រគំតន្ត្រី នៅម្តុំវិមានឯករាជ្យក្រុងកំពង់ឆ្នាំងវិញ។

ពេលកំពុងដើរតាមផ្លូវ ស្រាប់តែមានជនមិនស្គាល់មុខលួចកាប់ពីក្រោយបណ្តាលឱ្យជនរងគ្រោះស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ប្រភពដដែលបានបន្តថា បុរសដែលស្លាប់ឈ្មោះ ឡុង សុខេន អាយុ២៤ឆ្នាំ និងអ្នករងរបួសធ្ងន់ឈ្មោះ អេង សំអូន ហៅសុខ អាយុ១៨ឆ្នាំ។ពួកគេទាំង២នាក់នៅភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជ្រុលគីរី ខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធករណីកាប់សម្លាប់មនុស្សនិងមានរងរបួសធ្ងន់នេះ លោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផ្នែកព្រហ្មទណ្ឌបានឱ្យបណ្តាញសារព័ត៌មានដឹងថា កម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ