សន្ដិសុខសង្គម

ភ្លើងឆេះផ្ទះពលរដ្ឋចំនួន៣ខ្នងផ្ទះ និងទ្រព្យសម្បតិ្តនៅស្រុកកងមាស

កំពង់ចាម៖អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះជាមួយទ្រព្យសម្បតិ្តជាច្រើននៅភូមិថ្មី«ខ» ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២១ ខែមីនា។

មន្រ្តីនគរបាលស្រុកកងមាសបានឱ្យដឹងថា លំនៅឋានដែលភ្លើងឆេះទាំង៣នោះ ទី១ ធ្វើពីឈើប្រក់ក្បឿងទំហំ៦ម៉ែត្រគុណ១២ម៉ែត្រឆេះអស់ទាំងស្រុង។ផ្ទះនេះជាកម្មសិទ្ធិរបស់ឈ្មោះ ជា ឈាង អាយុ ៨៣ឆ្នាំ- ទី២ផ្ទះឈើប្រក់ក្បឿងទំហំ៨ម៉ែត្រគុណ១៤ម៉ែត្រឆេះអស់មួយចំនួនធំ ជាកម្មសិទ្ធិឈ្មោះ ស្រ៊ុន វណ្ណី អាយុ៧០ឆ្នាំ។ទី៣ផ្ទះថ្មប្រក់ស័ង្កសីទំហំ៨ ម៉ែត្រគុណ១២ម៉ែត្រ ឆេះបន្តិចបន្តួច ជាកម្មសិទ្ធិឈ្មោះឈួន សំអ៊ី អាយុ២៧ឆ្នាំ។

ប្រភពដដែលបានបន្តថា គ្រោះអគ្គិភ័យនោះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដែលផ្តើមឆេះចាប់ពីម៉ោងជាង៨ រហូតដល់ម៉ោងជាង១០ព្រឹក។ពេលភ្លើងកំពុងឆេះ ស្នងការដ្ឋាននគបាលខេត្តកំពង់ចាម បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ជួយបាញ់ទឹកទើបភ្លើងរលត់ទៅវិញ ប៉ុន្តែក្នុងហេតុការណ៍នេះមិនប៉ះពាល់គ្រោះថ្នាក់ដល់មនុស្សទេ៕ដោយ៖ គង់ហេង