សន្ដិសុខសង្គម

បញ្ជូន៤នាក់ទៅតុលាការរឿងដេញកាប់ព្រះសង្ឃមិនឱ្យលេងបាល់ក្នុងវត្ត

កណ្តាល៖សមត្ថកិច្ចបានចាប់ក្មេងទំនើង៤នាក់ ខ្មែរ២នាក់និងវៀតណាម២នាក់ រឿងដេញកាប់​ព្រះសង្ឃព្រោះខឹងមិនឱ្យលេងបាល់ក្នុងវត្ត ត្រូវបញ្ជូនទៅតុលាការ នៅថ្ងៃទី២០ខែមីនា។

លោកវរសេនីយ៍ឯក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំបានឱ្យដឹងថា ក្មេងទំនើងទាំង៤នាក់​ត្រូវកម្លាំងឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។ ជនសង្ស័យឈ្មោះ សម្បត្តិ វិនសុងនិងឈ្មោះសម្បត្តិ វិនស៊ឹង ២នាក់នេះជាបងប្អូនបង្កើត។ឈ្មោះង្វៀង យ៉ាំងលឹង និង ង្វៀងយ៉ាំងយូ ២នាក់នេះជាជនជាតិវៀតណាម។ជនសង្ស័យទាំង៤នាក់មានអាយុពី១៤ដល់២០ឆ្នាំនៅភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

ចំណែកសង្ឃរងគ្រោះចំនួន៤អង្គ គង់នៅក្នុងវត្តខេមរៈរាជការាម ហៅវត្តបាក់ណាម ជាប់ព្រំដែនវៀតណាម ។

លោកអធិការបានបន្តថា កន្លងមកក្រុមជនសង្ស័យ តែងនាំគ្នាលេងទាត់បាល់និងអុកឡុកក្នុងទីធ្លាវត្ត។ព្រះសង្ឃក៏ធ្លាប់បានហៅមកណែនាំជាច្រើនដង តែពួកគេមិនស្តាប់ទេ ថែមទាំងឌឺដងដាក់លោកសង្ឃ​ទៀតផង។

នៅយប់ថ្ងៃទី១៨ ខែមីនា ពួកគេទាំង៤នាក់បានជិះម៉ូតូ២គ្រឿងចូលក្នុងវត្ត ស្រាប់តែទាញកាំបិតផ្គាក់​ដេញកាប់​សង្ឃ៤អង្គដែលគង់នៅមុខវត្ត។សង្ឃ៤អង្គក៏នាំគ្នាលោតចូលទឹកស្ទឹងដើម្បីគេចផុត​ពីគ្រោះថ្នាក់ ហើយពួកគេបានរត់គេចខ្លួនបាត់អស់។លុះថ្ងៃទី១៩ ខែមីនា ត្រូវសមត្ថកិច្ច​ស្រាវជ្រាវចាប់ខ្លួនបាន៤នាក់រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ