អន្តរជាតិ

ក្រសួងការបរទេសចិន៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិICC គួរតែរក្សាគោលជំហរគោលដៅ ជៀសវាងនិន្នាការនយោបាយ

ក្រសួងការបរទេសចិនបាននិយាយថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គួរតែរក្សាគោលជំហរគោលដៅ ជៀសវាងនិន្នាការនយោបាយ។

ក្រសួងការបរទេសចិនបាននិយាយបែបនេះទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បន្ទាប់ពីស្ថាប័ននេះបានចេញសាលដីកាសម្រេចចាប់ខ្លួនលោកពូទីន ប្រធានាធិបតី    រុស្ស៊ីឲ្យតែហ៊ានចេញក្រៅប្រទេសចោទពីបទចាប់ពង្រត់ក្មេងៗអ៊ុយក្រែន។ នៅពេលអ្នកសារព័ត៌មានសួរអំពីរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ICC គួរតែប្រកាន់ជំហរគោលដៅ គោរពអភ័យឯកសិទ្ធិរបស់ប្រមុខរដ្ឋរបស់គេ គោរពពីយុត្តាធិការក្រោមច្បាប់អន្តរជាតិ អនុវត្តមុខងារ និងអំណាចរបស់ខ្លួនដោយប្រយ័ត្នប្រយែង ស្របតាមច្បាប់ និងជៀសវាងការធ្វើនិន្នាការនយោបាយ និងស្តង់ដារទ្វេ។

អ្នកនាំពាក្យរូបនេះបានបន្តថា ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ពីការសន្ទនា និងការចរចាជានិច្ច ពោលគឺតែងរិះរកមធ្យោបាយជាមូលដ្ឋានចេញពីវិបត្តិអ៊ុយក្រែន។ ចំពោះដំណើរទស្សនកិច្ចរបស់លោកស៊ីទៅកាន់ទីក្រុងមូស្គូនៅសប្តាហ៍នេះ អ្នកនាំពាក្យថា វាជាដំណើរទស្សនកិច្ចនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព។​ ជាការអំពាវនាវដោយផ្អែកលើគោលការណ៍មិនចូលបក្សសម្ព័ន្ធ មិនប្រឈមមុខដាក់គ្នា និងមិនកំណត់គោលដៅភាគីទីបី សហគមន៍អន្តរជាតិគួរតែដើរតួនាទីស្ថាបនាក្នុងការ​ដោះស្រាយវិបត្តិដោយសន្តិវិធី និងធ្វើបន្ថែមទៀតដើម្បីជំរុញការចរចាសន្តិភាព បន្ធូរបន្ថយភាពតានតឹង និងសម្របសម្រួលជម្លោះ៕

ប្រភព៖Global Times

ប្រភពរូប៖Global Times
ប្រែសម្រួល៖សុខ តុលា