សន្ដិសុខសង្គម

ក្មេង២នាក់បេះផ្លែអម្ពិលទឹកមាត់ស្រះ រអិលជើងធ្លាក់ទឹកលង់ស្លាប់ម្នាក់

ប៉ៃលិន៖ក្មេងស្រី២នាក់ត្រូវជាបងប្អូនជីដូនមួយ បាននាំគ្នាបេះផ្លែអម្ពិលទឹកនៅជាប់មាត់ស្រះបានរអិល​ជើងធ្លាក់ចូលទឹកបណ្តាលឱ្យលង់ស្លាប់ម្នាក់។

អ្នកភូមិបានឱ្យដឹងថា ក្មេងស្រីស្លាប់ក្នុងស្រះទឹកនៅភូមិស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីព្រលប់ថ្ងៃទី២០ ខែមីនា។

ប្រភពដដែលបានបន្តថា ក្មេងស្រីដែលស្លាប់ឈ្មោះ ប៊ុន សុម៉ាវត្តី អាយុ៤ឆ្នាំ។ក្មេងស្រីម្នាក់ទៀត​ត្រូវជាបងជីដូនមួយឈ្មោះប៊ុន ស្រីមុំ អាយុ៧ឆ្នាំ បានប្រាប់ថា  មុនកើតហេតុ ពួកខ្លួនបាននាំគ្នា​ទៅបេះផ្លែអម្ពិលទឹកនៅជិតស្រះទឹក។

ពេលកំពុងតែបេះ ស្រាប់តែផ្លែអម្ពិលទឹកបានជ្រុះចូលក្នុងស្រះ ហើយប្អូនស្រីចុះឈោងដៃ​ទៅយកផ្លែអម្ពិលទឹកដែលជ្រុះនោះ បណ្ដាលឱ្យរអិលជើងធ្លាក់ចូលទៅក្នុងទឹកលង់ស្លាប់​មុនពេលអ្នកភូមិនិងសមត្ថកិច្ចបានចុះទៅដល់។ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ឃុំស្ទឹងកាច់បាន ស្រង់យកក្មេងស្រីដែលលង់ទឹកស្រះនោះ។បន្ទាប់ពិនិត្យរួច សមត្ថកិច្ចប្រគល់សព​ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ៕ដោយ៖វិចិត្រ