អន្តរជាតិ

NATO ពិចារណា​ដាក់​ពង្រាយ​ទាហាន​ដល់​ទៅ ៣០០.០០០ នៅ​ព្រំដែន​ជាមួយ​រុស្ស៊ី

អង្គការណាតូពិចារណាដាក់ពង្រាយទាហានរហូតដល់ទៅ ៣០០.០០០នាក់នៅតាមព្រំដែនជាមួយរុស្ស៊ី ក្រោយភាពតានតឹងកើនឡើងភ័យខ្លាចសង្រ្គាមនុយក្លេអ៊ែរ ក្រោយតុលាការឧក្រិដ្ឋកម្មចេញដីកា ចាប់លោកពូទីន។

នេះបើតាមកាសែតPolitico ដែលបានធ្វើការដកស្រង់ប្រភពពីសម្ព័ន្ធអង្គការ NATOថ្មីៗនេះ។ សម្ព័ន្ធណាតូកំពុងស្នើឡើងនូវគំនិតអំពីការពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន និងតម្រូវការក្នុងការបញ្ជូនទាហានរហូតដល់ ៣០០.០០០ នាក់ទៅកាន់ព្រំដែន។ កង​ទ័ព​ណា​តូ​ដំបូង​អាចមាន​ប្រហែល​១០​ម៉ឺន​នាក់​ត្រៀម​ដាក់​ពង្រាយ​ក្នុង​រយៈ​ពេល​១០​ថ្ងៃប៉ុណ្ណោះ ដែលរួមបញ្ចូលកងទ័ពមកពីប្រទេសប៉ូឡូញ ន័រវេស អេស្តូនី ឡាតវី និងលីទុយអានី។ ហើយក្រោយមកទៀតគឺនឹងយកមកពីអាល្លឺម៉ង់។ ផែនការនេះ កើតឡើងក្រោយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិហៅកាត់ ICC បានសម្រេចចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ីវ្ល៉ា ឌឹមៀរពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ខណៈដែលមានការភ័យខ្លាចថា ប៊ូតុងនុយក្លេអ៊ែរកំពុងជិត ត្រូវបានចុចដោយរុស្ស៊ី។ ផែនការដាក់ពង្រាយទ័ពដ៏សែនច្រើននេះ មានបំណងធំគឺដើម្បីការពាររុស្ស៊ី ពីការធ្វើសង្រ្គាមហួសអ៊ុយក្រែនតែម្តង។

ទោះជាយ៉ាងណា សកម្មភាពបែបនេះនឹងតម្រូវឱ្យមានការសម្របសម្រួល និងការខិតខំប្រឹងប្រែង យ៉ាងខ្លាំងពីសមាជិកណាតូទាំង ៣០ ដើម្បីផ្តល់ទាហាន កន្លែងហ្វឹកហាត់ អាវុធ បរិក្ខារ និងគ្រាប់រំសេវយ៉ាងច្រើន។ ប្រភពដដែលបានសង្កត់ធ្ងន់ថា ការសម្របសម្រួលអាចជាបញ្ហាប្រឈម ដោយសារសម្ព័ន្ធមិត្តជាច្រើនមានការព្រួយបារម្ភរួចទៅហើយអំពីស្តុកអាវុធមិនគ្រប់គ្រាន់របស់ពួកគេ ដែលត្រូវការពេលវេលា និងថវិកាដើម្បីបំពេញបន្ថែម៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា