កម្សាន្ដ

លោកហ៊ុនម៉ានី ស្នើកុំឲ្យមានការបញ្ចេញទស្សនៈទៅជាទំនាស់រឿងលោកឯមរៀម

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ បន្ទាប់ពីមានការបញ្ចេញទស្សនៈផ្សេងៗគ្នា ទាំងរិះគន់ជេរប្រមាថ និងរិះគន់ដើម្បីស្ថាបនាផងរឿង លោក ឯម រៀម ស្លៀកសម្លៀកបំពាក់ច្នៃដោយខ្លួនឯងពេញបណ្តាញសង្គម មកលោកហ៊ុន ម៉ានី បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនដោយស្នើកុំឲ្យមានការបញ្ចេញទស្សនៈទៅជាទំនាស់ និងឈានដល់ការបែកបាក់សង្គម។

ដោយនៅលើបណ្តាញសង្គមរបស់ លោក ហ៊ុន ម៉ានី ដែលមាន Facebook ឈ្មោះថា Hun Many នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ នេះបានសរសេរថា “ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។

ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរឹតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។

ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា”។

យ៉ាងណាក៏ដោយតាមការសង្កេតមើលនៅបណ្តាញសង្គម លោក ឯម រៀម បានបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនឈ្មោះថា EM RIEM នៅរសៀលថ្ងៃទី ២០នេះដែរ បានបង្ហាញថា លោកត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈហៅមកជួប។ ប៉ុន្តែសារព័ត៌មាន Cambodia Flash News មិនទាន់ដឹងលម្អិតនៅឡើយទេ ដោយលោកបង្ហាញតែរូបភាពប៉ុណ្ណោះ៕