សន្ដិសុខសង្គម

​មិនទាន់បញ្ជាក់មូលហេតុ​ចិន​ធ្លាក់ពីលើសណ្ឋាគារ២ករណីនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ​៖​មកដល់ព្រឹកថ្ងៃទី២០ ខែមីនានេះ ចំនួន២ករណីហើយសមត្ថកិច្ចមិនទាន់បានបញ្ជាក់​ពីមូលហេតុចិនម្នាក់ទៀត​ធ្លាក់ពីលើសណ្ឋាគារយីហោ“LZ”ក្នុងក្រុងព្រះសីហនុស្លាប់នោះនៅឡើយ។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមីនា មាន​បុរសជនជាតិចិនម្នាក់ បានធ្លាក់ពីលើសណ្ឋាគារយីហោ“LZ” ស្ថិត​នៅជិតផ្លូវចូលសាលារៀន អូរទី២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុបណ្តាលឱ្យស្លាប់។ ក្រោយកើតហេតុ​ សពបុរសចិននោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយទេ​។ប៉ុន្តែកម្លាំងនគរបាលជំនាញផ្នែកកោសល្យវិច័យ​ខេត្តព្រះសីហនុ​ បានចុះត្រួតពិនិត្យ។

ជំហានដំបូង​សមត្ថកិច្ចមិនទាន់បញ្ជាក់ថា​ ជាករណីអ្វីនោះទេ ដោយដឹកទៅទុកនៅសាលរក្សាសព នៃមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរង់ចាំសេចក្តីសម្រេចពីស្ថានទូតចិនប្រចាំកម្ពុជា​ និងបើកការស៊ើបអង្កេតរកមូលហេតុនៃការស្លាប់នេះ។

មន្ត្រីដដែលបានបន្តថា ​កាលពីថ្ងៃទី១៧ ខែមីនាសប្ដាហ៍មុន​ មានបុរសចិន​ម្នាក់បានធ្លាក់ពីលើ​សណ្ឋាគារ​យីហោ“ឡាជូស”ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយមិនទាន់ដឹងមូលហេតុនៃការស្លាប់នៅឡើយ។​ករណី​ទី២នេះបុរសចិនម្នាក់ទៀតបានធ្លាក់ពីលើសណ្ឋាគារស្លាប់ ស្ថិត​នៅ​សណ្ឋាគារយីហោ“LZ” ជិតផ្លូវចូលសាលារៀនអូរទី២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមីនា សមត្ថកិច្ចបើកការស្រាវជ្រាវបន្តទៀត៕ដោយ៖វិចិត្រ