អន្តរជាតិ

អាល្លឺម៉ង់ថានឹងចាប់ខ្លួនពូទីនបើហ៊ានធ្វើដំណើរចូលមកប្រទេសខ្លួន

រដ្ឋាភិបាលអាល្លឺម៉ង់ប្រកាសថា បើលោកពូទីនប្រធានាធិបតីរុស្ស៊ីហ៊ានឈានជើងចូលប្រទេសអាល្លឺម៉ង់ នោះគាត់នឹងត្រូវបានចាប់ខ្លួនដោយអាជ្ញាធរជាមិនខាន។

នេះបើតាមលោក Marco Buschmann ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបាននិយាយថា “ប្រទេសអាល្លឺម៉ង់នឹងមានកាតព្វកិច្ច​ចាប់ខ្លួនប្រធានាធិបតីពូទីន ហើយប្រគល់គាត់ទៅឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិប្រសិនបើគាត់​ចូលមកក្នុងទឹកដីអាល្លឺម៉ង់”។ Buschmann បានបន្ថែមថា មិនដូចភ្នាក់ងារអនុវត្តច្បាប់ជាតិទេ ICC ក៏អាចចាត់វិធានការប្រឆាំងនឹងថ្នាក់ដឹកនាំប្រមុខរដ្ឋបានផងដែរ។ ការបញ្ជាក់ដោយលោក Buschmann ធ្វើឡើងក្រោយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់ ICC ហើយបាននិយាយថា ដីកាចាប់ខ្លួនលោកពូទីន បង្ហាញថា គ្មាននរណាអាចគេចពីច្បាប់ បំពានច្បាប់បាននោះទេ។

គួររំលឹកឡើងវិញថា សេចក្តីសម្រេចចាប់ខ្លួនចោទពីបទចាប់ពង្រត់កុមារចេញនៅថ្ងៃទី ១៧ ខែមីនា ដោយអង្គជំនុំជម្រះនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៃសមាជិក ១២៣ប្រទេស កំណត់លើប្រធានាធិបតីរុស្ស៊ីពូទីន និងលោកស្រី Maria Olekseevna Lvova-Belova ជាស្នងការប្រធានាធិបតីរុស្ស៊ី បានធ្វើឲ្យប្រទេសរុស្ស៊ីមានការខឹងសម្បាយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានហៅការសម្រេចថាគ្មានន័យអ្វីចំពោះ   រុស្ស៊ី មិនមានសិទ្ធិអ្វីលើរុស្ស៊ីឡើយ ខណៈរុស្ស៊ីបានចាកចេញពីសមាជិកភាពនៃ ICC តាំងពីឆ្នាំ២០១៦មកម្ល៉េះ៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា