សន្ដិសុខសង្គម

អគ្គិភ័យឆេះផ្ទះចំនួន៥ខ្នងផ្ទះអស់គ្មានសល់នៅតាមប្រឡាយទឹកស្អុយ

ភ្នំពេញ៖សំណង់ផ្ទះមិនរៀបរយមួយកន្លែងសង់តាមមាត់ប្រឡាយទឹកស្អុយ ត្រូវអគ្គិភ័យបានឆាបឆេះ​អស់ចំនួន៥ខ្នងផ្ទះគ្មានសល់ តែមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។គ្រោះមហន្តរាយនេះបានកើត​ឡើង​នៅតាមមាត់ប្រឡាយទឹកស្អុយផ្លូវ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីម៉ោង៨ព្រឹកថ្ងៃទី២០ ខែមីនា។

អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឮសូរសំឡេងផ្ទុះ។មួយសន្ទុះក្រោយមកក៏មានភ្លើងឆេះ​សន្ធោសន្ធៅឡើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់​អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបានឱ្យដឹងថា ម្ចាស់ផ្ទះដំបូងឈ្មោះ សុក វណ្ណកាយ អាយុ៤៤ឆ្នាំ ជាប្រជាការពារសង្កាត់ ដែលមានផ្ទះឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រគុណ៣ម៉ែត្រ។ភ្លើងបានឆេះរាលដាលដល់សំណង់មិនរៀបរយអស់ចំនួន៤ខ្នងផ្ទះទៀត ទំហំ៤ម៉ែត្រគុណ៣ម៉ែត្រ រួមទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុង។

មន្ត្រីបានបន្តថា មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គិភ័យតែម្តង។ពេលភ្លើងកំពុងឆេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ចំនួន៨គ្រឿង ភ្លើងក៏បានរលត់ទៅវិញនៅព្រឹកថ្ងៃដដែល៕ដោយ៖វិចិត្រ