សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងរកអ្នកឈូសឆាយដីព្រៃរាប់សិបហិកតានៅមណ្ឌលគិរី

មណ្ឌលគិរី៖មន្ត្រីតុលាការ បានដឹកនាំកម្លាំងអាជ្ញាធរនិងមន្ត្រីមន្ទីរពាក់ព័ន្ធ ចុះពិនិត្យសកម្មភាពឈូសឆាយដីព្រៃរាប់សិបហិកតានៅដាក់ដាំ ខេត្តមណ្ឌលគិរី ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែមីនា បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យសកម្មភាពឈូសឆាយដីព្រៃរាប់សិបហិកតា។ទីតាំងឈូសឆាយដីព្រៃខាងលើនេះគឺជាដីព្រៃរបស់រដ្ឋ ជាដីព្រៃដើមស្រល់ដាំរបស់ក្រុមហ៊ុន“វូជីសាន្ត” និងក្រុមហ៊ុន“ហូលីង” ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។កន្លងមកមានក្រុមជនទុច្ចរិតបានលួចប្រើគ្រឿងចក្រឈូសឆាយដីព្រៃស្រោងអស់ប្រមាណជិត១០០ហិកតា។

លោក សៀក មុនី អភិបាលស្រុកអូររាំង បានឱ្យដឹងថា ទីតាំងដែលរងការឈូសឆាយនេះគឺ ស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនខាងលើ។អាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្ត-ស្រុក រួចរាល់អស់ហើយ។ ប៉ុន្តែនៅតែមានជនខិលខូច ធ្វើសកម្មបានទៀត។

មន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ក្រុមជនទុច្ចរិតនេះមានគំនិតប៉ុនប៉ង និងប្រព្រឹត្តសកម្មភាពហ៊ុមព័ទ្ធ ឈូសឆាយ ទន្ទ្រានយកដីព្រៃរបស់រដ្ឋ និងដីក្រុមហ៊ុនយកធ្វើកម្មសិទ្ធិ។បន្ទាប់ពីនោះមន្ត្រីជំនាញកំពុងស្រាវជ្រាវចាប់ជនល្មើសបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ:សុខុម