អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ី Prigozhin និយាយថា គ្រោងនឹងជ្រើសរើសទាហានស៊ីឈ្នួលឲ្យបាន ៣០០០០ នៅត្រឹមខែឧសភា

មេទាហានស៊ីឈ្នួលរុស្ស៊ី Prigozhin បាននិយាយថា គ្រោងនឹងជ្រើសរើសទាហានស៊ីឈ្នួលឲ្យបាន ៣០.០០០ នាក់នៅត្រឹមខែឧសភាខាងមុខនេះ។

ស្ថាបនិកទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group លោក Yevgeny Prigozhin បាននិយាយថា ក្រុមហ៊ុនយោធាឯកជនរបស់គាត់ គ្រោងនឹងជ្រើសរើសទាហានស៊ីឈ្នួលចំនួន ៣០.០០០ នាក់នៅពាក់កណ្តាលខែឧសភា។ សេវាសារព័ត៌មានរបស់ Prigozhin បានបង្ហោះនៅលើ​កម្មវិធីសារTelegram ថា: “នៅពាក់កណ្តាលខែឧសភា យើងមានគម្រោងថា ចំនួនអ្នកប្រយុទ្ធនៅក្នុងអង្គភាពនឹងកើនឡើងប្រហែល ៣០.០០០ នាក់” ។

ព័ត៌មានលំអិត៖ Prigozhin អះអាងថា លំហូរចូលនៃទាហានស៊ីឈ្នួលបានកើនឡើង​ចាប់តាំងពីក្រុមហ៊ុនយោធាឯកជន បានបើកមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកនៅទូទាំងសហព័ន្ធរុស្ស៊ី។ យោងតាមប្រភពដដែល ទាហានស៊ីឈ្នួលបានកំពុងជ្រើសរើសអ្នកប្រយុទ្ធចន្លោះពី ៥០០ទៅ ៨០០នាក់ជារៀងរាល់ថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ Prigozhin មិនបានផ្តល់ភស្តុតាងសម្រាប់តួលេខទាំងនេះទេ។ សេតវិមាននិយាយថា ទាហានស៊ីឈ្នួល Wagner Group ជាង ៣០.០០០ នាក់ត្រូវបានសម្លាប់ និងរងរបួសចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញទៅលើអ៊ុយក្រែន៕

ប្រភព៖UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា