អន្តរជាតិ

ពូទីនពង្រឹងយុទ្ធសាស្រ្តធ្វើដំណើរទៅកាន់ក្រុងអ៊ុយក្រែនម៉ារីយូប៉ូលនៃខេត្តដូណេត

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ា ឌឹមៀរពូទីន កាលពីថ្ងៃអាទិត្យទី ១៩ ខែមីនា ឆ្នាំ២០២៣ បានធ្វើដំណើរ​ទស្សនកិច្ច​លើកដំបូងទៅកាន់ទីក្រុងរោងចក្រដែកម៉ារីយូប៉ូលអ៊ុយក្រែន​ភាគខាងកើត នៃខេត្តដូណេត ជិតតំបន់សមរភូមិជួរមុខ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពពីវិមានក្រឹមឡាំងបានឲ្យដឹងថា លោកពូទីនពិតជាបានហោះហើរជិះឧទ្ធម្ភាគចក្រ​ទៅកាន់ទីក្រុងម៉ារីយូប៉ូល នៃខេត្តដូណេតភាគខាងកើត និងបានបន្តធ្វើដំណើរទស្សនកិច្ចតាមសង្កាត់​នានានៅទីនោះមែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពី​ថ្ងៃអាទិត្យថា លោក ពូទីន បានទៅដល់ទីក្រុង Mariupol តាំងតែកាលពីល្ងាចថ្ងៃសៅរ៍មកម្ល៉េះ បន្ទាប់ពីបានធ្វើទស្សនកិច្ចទៅតំបន់គ្រីមៀរ (Crimea) ភាគនិរតីនៃទីក្រុង Mariupol ក្នុងការប្រារព្ធខួបលើកទីប្រាំបួននៃការបញ្ចូលឧបទ្វីបសមុទ្រខ្មៅពីអ៊ុយក្រែន។ សកម្មភាពរបស់លោកពូទីនដែលត្រូវបានរាយការណ៍ រួមមានដូចជាការជជែកជាមួយអ្នកស្រុក Mariupol, ការលេងកម្សាន្តនៅសាលាសិល្បៈ និងសូម្បីតែមជ្ឈមណ្ឌលកុមារនៅ Sevastopol, Crimea។ ក្នុងដំណើរនោះ មិនត្រូវបានគេរាយការណ៍ពីឧប្បត្តិហេតុណាមួយកើតឡើងនោះទេ។

សូមរំលឹកថា ទីក្រុងMariupol បានក្លាយជានិមិត្តរូបនៃការតស៊ូរបស់កងកម្លាំងស្នេហាជាតិអ៊ុយក្រែន បន្ទាប់ពីបានប្រយុទ្ធរងនូវការបាញ់ផ្លោងយ៉ាងខ្លាំងពីសំណាក់ទាហាន  រុស្ស៊ីអស់រយៈពេលជិត៣ខែ មុនពេលដួលរលំ និងត្រូវបានរុស្ស៊ីកាន់កាប់ដណ្តើមបាននៅក្នុងខែឧសភា។ ភាគច្រើននៃទីក្រុង​ត្រូវបានវាយកម្ទេចដោយការបាញ់ផ្លោងរបស់រុស្ស៊ី៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា