សន្ដិសុខសង្គម

បើកទូកម៉ាស៊ីនបុកថ្មលិចបាត់ខ្លួន៤ថ្ងៃក្រោយទើបឃើញសពអណ្ដែតទឹក

ស្ទឹងត្រែង៖ពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់អណ្ដែតតាមទឹកទន្លេមេគង្គ នៅម្តុំក្បាលកោះ​ភូមិវឺនសៀន ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២០ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃ១៧ ខែមីនាកន្លងទៅ បុរសឈ្មោះចន ម៉ន អាយុ២៨ឆ្នាំ នៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ បានបើកទូកម៉ាស៊ីនតែម្នាក់ឯង។ពេលនោះទូកបានបុកនឹងថ្មបណ្តាលឱ្យលិចបាត់ខ្លួនតែម្តង។

ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចនិងសាច់ញាតិបានតាមរកគ្រប់ច្រកល្ហកតែរកមិនឃើញសោះ។លុះមកដល់ព្រឹកថ្ងៃទី២០ ខែមីនានេះ រយៈពេល៤ថ្ងៃទើបប្រទះឃើញសពអណ្ដែតតាមទឹក ហើយសាច់ញាតិក៏បានយកទៅធ្វើបុណ្យ៕ដោយ:សុខុម