សន្ដិសុខសង្គម

នាំអ្នកសម្លាប់ឪពុកស្លាប់និងកាប់កូនៗ ឱ្យរបួសធ្ងន់២នាក់ទៅតុលាការ

កណ្ដាល៖កម្លាំងនគរបាល បានចាប់ជនសង្ស័យម្នាក់ករណីកាប់គ្រួសារមួយឱ្យឪពុកស្លាប់ និងកាប់កូនៗឱ្យរបួសធ្ងន់២នាក់ ដោយចោទថាធ្វើអំពើអាបធ្មប់ ហើយនាំទៅតុលាការចាត់ការ តាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ​សមត្ថកិច្ច​​ស្រុក​កោះធំ បានស្រាវជ្រាវ​ចាប់ជនសង្ស័យ​ម្នាក់ ពាក់​ព័ន្ធ​កាប់សម្លាប់បុរសម្នាក់ឱ្យស្លាប់ហើយរត់គេចខ្លួនបាត់។ប៉ុន្មានថ្ងៃក្រោយមកក៏វិលមក កាប់កូនៗ២នាក់ទៀតឱ្យរងរបួសធ្ងន់ ដោយ​ចោទគ្រួសាររងគ្រោះ​ថាជា​គ្រូ​​អាបធ្ម​ប់​ ​ធ្វើ​អំពើ​ផ្លូវ​ងងឹត​ដាក់​លើរូប​គេ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ។

ជនសង្ស័យ​ឈ្មោះ ហោ បារាំង អាយុ​២៩​ឆ្នាំ នៅភូមិឃុំ​ខាងលើ។ពេលចាប់ខ្លួន សមត្ថកិច្ចដកហូតម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា ស៊ី​រ៉ូ​ស ​ផ្លា​ក​លេខក្រចេះ1A -5010 និង​កណ្តៀវ១ដើ​​ម​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព។ចំណែក​ជន​រង​គ្រោះ​​៣នាក់-​ឈ្មោះស្លេះ ទួន អាយុ​៦៥​ឆ្នាំ បាន​ស្លាប់-​ឈ្មោះទួន អ៊ី​សា អាយុ​២៨​ឆ្នាំ​រង​​របួស​ធ្ងន់និងឈ្មោះ រ៉ូ​ន រី អាយុ​៣៥ឆ្នាំរបួសធ្ងន់។អ្នកទាំង៣​ជាខ្មែរ​អ៊ិ​ស្លា​មមុខរបរនេសាទ នៅ​ភូមិ​ឃុំ​ខាងលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះ ឱ្យស្លាប់និងឱ្យរងរបួសធ្ងន់ពិតប្រាកដមែន៕ដោយ៖វិចិត្រ