អន្តរជាតិ

គីមជុងអ៊ុនប្រកាសរៀបចំអាវុធនុយក្លេអ៊ែរត្រៀមវាយអាម៉េរិក និងកូរ៉េខាងត្បូង

ប្រជាជនកូរ៉េខាងជើងជិត៨០ម៉ឺននាក់ ​បាននាំគ្នាស្ម័គ្រចិត្តចុះឈ្មោះចូលជួរយោធាត្រៀមធ្វើ​សឹកសង្រ្គាមជាមួយសហរដ្ឋអាម៉េរិក។

នេះបើតាមកាសែតជាតិ Rodong Sinmun បានរាយការណ៍កាលពីចុងសប្តាហ៍ថ្មីៗនេះ។ ក្នុងនោះបាន​និយាយថា និស្សិត និងកម្មករប្រហែល ៨០០.០០០ នាក់ ត្រឹមតែថ្ងៃសុក្រទី ១៧ ខែមីនាមួយថ្ងៃប៉ុណ្ណោះ​នៅទូទាំងប្រទេសបានបង្ហាញពីបំណងចង់ចុះឈ្មោះ ឬចុះឈ្មោះក្នុងជួរយោធាឡើងវិញយ៉ាងច្រើន​សម្បើម​ដើម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក។ កាសែតបន្តថា “ការសាទរយ៉ាងខ្លាំងរបស់យុវជន​ក្នុងការចូលបម្រើកងទ័ព គឺជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់យុវជនជំនាន់ក្រោយ ដើម្បីលុបបំបាត់ភាពមមាញឹកសង្គ្រាមដោយឥតមេត្តា ដែលខិតខំប្រឹងប្រែងចុងក្រោយដើម្បី​លុបបំបាត់ប្រទេសសង្គមនិយមដ៏មានតម្លៃរបស់យើង និងសម្រេចបាននូវបុព្វហេតុដ៏ធំនៃ​ការបង្រួបបង្រួមជាតិ។

ការអះអាងរបស់កូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍បានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 (ICBM) ក្នុងការឆ្លើយតបទៅនឹងសមយុទ្ធយោធា​អាម៉េរិក-កូរ៉េខាងត្បូង​ដែលកំពុងបន្តលើឧបទ្វីបកូរ៉េ។ ហើយនៅថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន​ក៏បានប្រកាសរៀបចំអាវុធនុយក្លេអ៊ែរដើម្បីត្រៀមវាយប្រហារសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងផងដែរ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា