សន្ដិសុខសង្គម

កំពុងតាមចាប់តៃកុងឡានបុកជនជាតិជ្រាយឱ្យស្លាប់ម្នាក់របួសម្នាក់

រតនគិរី៖កម្លាំងនគរបាលខេត្តរតនគិរី កំពុងតាមចាប់អ្នកបើករថយន្តបុកម៉ូតូ បណ្ដាលឱ្យ​ជនជាតិច្រាយជាប្ដីបានស្លាប់ រីឯប្រពន្ធរងរបួសដើម្បីយកមកចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះគឺបានកើតឡើងនៅតាមផ្លូវជាតិលេខ៧៨ ត្រង់ផ្លូវបំបែក ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង កាលពីរសៀលថ្ងៃទី១៧ ខែមីនា។

មុនកើតហេតុម៉ូតូបានបើកពីជើងទៅត្បូង។មកដល់កន្លែងខាងលើក៏បានបត់ ស្របពេលមានរថយន្តបើកមកដល់ ជ្រុលបុកម៉ូតូដែលជិះ២នាក់ប្តីប្រពន្ធកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យប្តីបែកក្បាលចេញខួរស្លាប់មួយរំពេច ចំណែកប្រពន្ធរងរបួស។

មន្ត្រីដដែលបានបន្តថា រថយន្តបង្កម៉ាកកូរ៉េ២តោនកន្លះ មានបិទអក្សរ រ៉ា វី តន្ត្រីសម័យខេត្តរតនគិរី ផ្លាកលេខភ្នំពេញ3D-4546 ។ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។រីឯម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខរតនគិរី 1E-2236 បើកបរដោយឈ្មោះ សេវ អ៊ែល  អាយុ៥៦ឆ្នាំ ជនជាតិច្រាយ នៅភូមិសោមកានិញ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានស្លាប់។ប្រពន្ធឈ្មោះ រចំ ភិម អាយុ៤៨ឆ្នាំ ជនជាតិច្រាយ រងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង ហើយបានយកម៉ូតូនិងរថយន្តទៅកន្លែង​នគរបាលចរាចរណ៍ខេត្ត ដើម្បីរង់ចាំតំណាងចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ:សុខុម