សន្ដិសុខសង្គម

ឃុំខ្លួនបុរសម្នាក់រណីចេញសែកគ្មានសាច់ប្រាក់១លាន៣៥ម៉ឺនដុល្លារ

ភ្នំពេញ៖តុលាការភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា បានឱ្យសមត្ថកិចនាំខ្លួនជនជាប់ចោទម្នាក់ យកទៅឃុំខ្លួនបណ្តោះអាសន្ន ករណីចេញសែកគ្មានទឹកប្រាក់ចំនួន១លាន៣៥ម៉ឺនដុល្លារ។

មន្ត្រីចុះអនុវត្តបានឱ្យដឹងថា សមត្ថកិច្ចបានចាប់បុរសម្នាក់តាមដីការបស់ព្រះរាជអាជ្ញា និងនាំទៅតុលាការភ្នំពេញ ករណីចេញសែកគ្មានសាច់ប្រាក់ចំនួន១លាន៣៥ម៉ឺនដុល្លារ ​កាលពីថ្ងៃទី១៦ ខែមីនា។ ជនសង្ស័យឈ្មោះសួន វុធ អាយុ៤៨ឆ្នាំ នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ដើមបណ្តឹងឈ្មោះយឹម សុខលី ភេទស្រី អាយុ៣៤ឆ្នាំ។

ក្នុងបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២ ជនសង្ស័យបានទាក់ទងមកខ្លួន​ដើម្បីដាក់ទុនរកស៊ីលើទឹកប្រាក់ចំនួន១.៣៥០.០០០ដុល្លារ នៅហាងរបស់នាង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ដោយជឿទុកចិត្ត នាងក៏បានប្រគល់ប្រាក់ចំនួន១.៣៥០.០០០ដុល្លារ។

ក្រោយមកជនសង្ស័យបានសន្យាថា រយៈពេល២ថ្ងៃនឹងប្រគល់ប្រាក់ចំនួនខាងលើមកវិញ។ដល់ថ្ងៃកំណត់បុរសរូបនោះបានចេញសែក២សន្លឹក ហើយម្ចាស់លុយក៏យកសែកទៅបើកប្រាក់​នៅធនាគារ តែខាងធនាគារប្រាប់ថា សែកនេះគ្មានសាច់ប្រាក់ទេ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានបដិសេធថា មិនបានទទួលប្រាក់នោះទេ។តែបានឱ្យជនរងគ្រោះផ្ទេរលុយគណនីពី​ប្រទេសកាណាដាចំនួន១.៣៥០.០០០ដុល្លារ៕ដោយ៖វិចិត្រ