អន្តរជាតិ

អតិផរណាអាហ្សង់ទីនឡើងដល់កំពូល ១០០% ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩១

អតិផរណាប្រទេសអាហ្សង់ទីន ឡើងដល់កំពូល១០០ភាគរយជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ចាប់តាំងពីឆ្នាំ១៩៩១។

យោងតាមទីភ្នាក់ងារស្ថិតិរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃអង្គារទី ១៤ ខែមីនា បានឲ្យដឹងថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអាហ្សង់ទីនបានឈានដល់អត្រា ១០០ភាគរយ នៅក្នុងខែកុម្ភៈ ដែលជាលើកទីមួយហើយដែលវាបានឈានដល់តួលេខខ្ពស់បីដងចាប់តាំងពីរយៈពេលនៃអតិផរណាខ្ពស់ក្នុងឆ្នាំ ១៩៩១ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍។ អតិផរណាក្នុងរយៈពេលជាង ១២ខែបានកំណត់ក្នុងកម្រិត ១០២.៥% នៅក្នុងខែទីពីរនៃឆ្នាំនេះ ខណៈទិន្នន័យរបស់រដ្ឋាភិបាល​បានបង្ហាញថា ជាមួយនឹងការកើនឡើងខ្ពស់ជាងការរំពឹងទុក ៦.៦% ប្រចាំខែនៅក្នុងសន្ទស្សន៍​តម្លៃទំនិញប្រើប្រាស់ (CPI) និង ១៣.១% កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

តម្លៃនៅក្នុងទីផ្សារ ហាងលក់ទំនិញ និងផ្ទះរបស់ប្រទេសអាហ្សង់ទីន បានកើនឡើង និងកំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ចំពេលដែលអត្រាអតិផរណាខ្ពស់បំផុតមួយ​ពិភពលោកក៏កំពុងកើតមានដោយសារវិបត្តិសង្រ្គាម។ ស្រ្តីចូលនិវត្តន៍ម្នាក់ លោកស្រី Irene Devita អាយុ ៧៤ ឆ្នាំ បានបញ្ចេញមតិនៅពេលកំពុងដើរពិនិត្យមើលស្លាកតម្លៃគ្រឿងទេសនៅក្នុង​ពិព័រណ៍​ទីផ្សារមួយនៅ San Fernando នៅជាយក្រុង Buenos Airesថា “អត់​មាន​សល់​អី​ទៀតទេ អត់​មាន​លុយ​ទេ មនុស្ស​អត់​មាន​អី ​អ៊ីចឹង​ទិញ​ម៉េច​ទៅ?”៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា