អន្តរជាតិ

អង់គ្លេសប៉ាន់ប្រមាណថា៖ទាហានរុស្ស៊ីចន្លោះពី ២ម៉ឺន ទៅ ៣ម៉ឺននាក់ភាគច្រើនទាហានស៊ីឈ្នួលបានស្លាប់ និងរបួសនៅ Bakhmut

ចក្រភពអង់គ្លេសចេញការវាយតម្លៃថា  ទាហានរុស្ស៊ីចន្លោះចាប់ពី២ម៉ឺន ទៅ៣ម៉ឺននាក់ដែលភាគច្រើន​គឺជា​ទាហានស៊ីឈ្នួលរុស្ស៊ីបានស្លាប់ និងរងរបួសនៅសមរភូមិ ក្រុងបាក់មុត ខេត្តដូណេត ចាប់តាំងពីខែឧសភាមកម៉្លេះ។

នេះបើតាមមន្ត្រីចក្រភពអង់គ្លេសបាននិយាយក្នុងអំឡុងពេលសុន្ទរកថារបស់លោកនៅទីក្រុងវីយែន កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣។ទីប្រឹក្សា​យោធា​លោក Ian Stubbs បាន​និយាយ​ថា​៖ “​រុស្ស៊ី​កំពុង​រង​នូវ​អត្រា​អ្នក​ស្លាប់​យ៉ាង​ធ្ងន់ធ្ងរ​”​។ “ចាប់តាំងពីខែឧសភាឆ្នាំមុន ចន្លោះពី ២០.០០០ ទៅ ៣០.០០០ នាក់ត្រូវបានសម្លាប់ និងរងរបួស គិតនៅក្នុងតែតំបន់ជុំវិញ Bakhmut មួយប៉ុណ្ណោះ មិនគិតកន្លែងផ្សេងនោះទេ ខណៈនេះគឺជាការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើនបំផុត​សម្រាប់រុលទៅមុខ​នៃទឹកដីសរុបប្រមាណតែ ២៥ គីឡូម៉ែត្រ”។ ហើយបុគ្គលិករុស្ស៊ីជាង ៨០០ នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងរាល់គីឡូម៉ែត្រនីមួយៗដែលភាគច្រើននៃពួកគេ​គឺជាអ្នកប្រយុទ្ធស៊ីឈ្នួល។

លោក Stubbs បានបន្តថា ក្រៅពីការខាតបង់មនុស្ស ប្រទេសរុស្ស៊ីក៏បានទទួលរង“ការខាតបង់​រថពាសដែកយ៉ាងធ្ងន់ធ្ងរផងដែរ” ដោយបន្ថែមថា ប្រទេសនេះត្រូវបានបង្ខំឱ្យដាក់ពង្រាយ​រថក្រោះចម្បាំង T-62 ដែលមានអាយុ ៦០ ឆ្នាំទៅកាន់ជួរមុខ។ ចាប់តាំងពីរដូវក្តៅឆ្នាំ ២០២២ រថក្រោះ T-62 បុរាណប្រហែល ៨០០គ្រឿងត្រូវបានគេយកចេញពីកន្លែងផ្ទុក។ ថ្មីៗនេះ រថពាសដែក BTR-50 របស់រុស្ស៊ីក៏ត្រូវបានដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែនដែរ ដែលជារថពាសដែកដំបូងបង្អស់​បានចូលបម្រើយោធារុស្ស៊ីក្នុងឆ្នាំ ១៩៥៤។ជុំវិញការអះអាងនេះ ប្រភពឯករាជ្យមិនអាចផ្ទៀងផ្ទាត់​បានត្រឹមត្រូវនោះទេ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា