អន្តរជាតិ

សហរដ្ឋអាម៉េរិកនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ

សហរដ្ឋអាម៉េរិកបញ្ជាក់ថា នឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនដើម្បីទុកទប់ទល់ជាមួយ​រុស្ស៊ីក្នុងសង្រ្គាមបន្តទៀតនៅប៉ុន្មានថ្ងៃខាងមុខ។

នេះដោយយោងតាមលោក John Kirby អ្នកសម្របសម្រួល និងនាំពាក្យសន្តិសុខជាតិសេតវិមាន​អាម៉េរិក​បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានរាយការណ៍ និងដកស្រង់ដោយភ្នាក់ងារ​កាសែតអ៊ុយក្រែនប្រាវដា។ បើតាមលោកឃើប៊ីដដែល ជំនួយនេះនឹងត្រូវបានប្រកាស​នៅប៉ុន្មានថ្ងៃទៀតឆាប់ៗ មិនទុកចាំយូរទេ ព្រោះដើម្បីអាចបន្តជាកម្លាំងដល់អ្នកតស៊ូអ៊ុយក្រែន ប្រើក្នុងសមរភូមិប្រឆាំងនឹងអ្នកឈ្លានពានរុស្ស៊ី ខណៈដែលសមរភូមិបង្ហូរឈាមភាគខាងកើត​កំពុងតានតឹងខ្លាំងនៅរយៈពេលចុងក្រោយនេះ។ លោកឃើប៊ីមិនបានប្រកាសជាក់លាក់ថាតើក្នុង​កញ្ចប់ថ្មីនេះ នឹងរួមមានអាវុធអ្វីខ្លះទេ គ្រាន់តែនិយាយថា វាគឺជំនួយប្តេជ្ញាចិត្តដ៏ឥតរេរបស់អាម៉េរិក ហើយនឹងធំជាងជំនួយអាម៉េរិកណាៗទាំងអស់ក្នុងពិភពលោក។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចពិភពលោករបស់អាល្លឺម៉ង់បានឱ្យដឹងថា រដ្ឋបាលលោក Biden បានដឹកនាំជំនួយសរុបប្រមាណជាង ៧៥ ពាន់លានដុល្លារហើយសម្រាប់អ៊ុយក្រែន ដែលរួមមានការ​គាំទ្រមនុស្សធម៌ ហិរញ្ញវត្ថុ និងយោធា​ ចាប់តាំងពីសង្រ្គាម៕

ប្រភព៖Ukraiska Pravda

ប្រភពរូប៖Ukraiska Pravda
ប្រែសម្រួល៖សុខ តុលា